សូមស្វាគមន៍

Saturday, August 24, 2013

បាញ់សម្លាប់បុរសម្នាក់ប្លន់យកម៉ូតូឌ្រីម ១គ្រឿង បានសម្រេចក្នុងក្រុងព្រះសីហនុ

សៅរ៍ ២៤ សីហា, ២០១៣ ម៉ោង ០៨:២០ ខេត្តព្រះសីហនុ ៖ មានករណីបាញ់សម្លាប់បុរសម្នាក់ ប្លន់យកម៉ូតូឌ្រីមស៊េរី០១៣ មួយគ្រឿងបានសម្រេច កាលពីវេលាម៉ោង ៨ និង ១៥នាទី យប់ថ្ងៃទី២៣ សីហា ២០១៣ នៅមុខសាលាបឋមសិក្សាផ្សារលើ ជាប់របងសាលាឯកជនសុវណ្ណភូមិ ស្ថិតក្នុងភូមិ២ ក្រុមទី៨ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈដែលបុរសរងគ្រោះជិះម៉ូតូចេញពីកន្លែងលក់ជ្រូកខ្វៃ ធ្វើដំណើរទៅផ្ទះ ។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ម៉េង អាយុ ៤៩ឆ្នាំ ត្រូវជនសង្ស័យបាញ់ចំនួន ២គ្រាប់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង និងបាត់បង់ទ្រព្យសម្បត្តិ ម៉ូតូឌ្រីម ១គ្រឿង ខ្សែក. ១ខ្សែ ចិញ្ចៀន ១វង់ ៕




ប្រភពមកពីៈ កោះសន្ដិភាព

Friday, August 23, 2013

ស្រវឹងស្រាជោកជាំជិះម៉ូតូលឿន ដល់ផ្លូវកែងពន្លះជាមួយគល់ស្វាយ របួសធ្ងន់សន្លប់ធំ

សៅរ៍ ២៤ សីហា, ២០១៣ ម៉ោង ០៨:២៧ ខេត្តប៉ៃលិន ៖ យុវជនម្នាក់ស្រវឹងស្រាជោកជាំ ជិះម៉ូតូលឿន លុះមកដល់ផ្លូវកែង ក៏ជ្រុលចង្កូតទៅបុកគល់ស្វាយ យ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសបាក់ដៃស្តាំ បាក់គល់ថ្គាម បែកក្បាលសន្លប់ធំនៅនឹងកន្លែង ត្រូវអ្នកជិតខាងឃើញ ទូរស័ព្ទហៅរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរ ពេទ្យឯកជន ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៥០នាទី រសៀលថ្ងៃទី២៣ សីហា ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចផ្លូវកែងវត្តអូរច្រា ក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។ ជនរងគ្រោះឈ្មោះ ណេន ផានិត ភេទប្រុស អាយុ ១៧ឆ្នាំ ជាកសិករ រស់នៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានខ្ចីម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ អត់ស្លាកលេខរបស់ឈ្មោះ សួន យីម ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិជាមួយគ្នា ម៉ូតូបានរងការខូចខាតយ៉ាងដំណំ ។ តាមសាក្សីបានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ ១គ្រឿង ជិះដោយយុវជនម្នាក់ស្ថិតក្នុងសភាពស្រវឹងស្រាជោក បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចផ្លូវកែងស្រាប់តែយុវជនម្នាក់នេះ បានរេចង្កូតទៅខាងស្តាំដៃ បណ្តាលឱ្យបុកដើមស្វាយយ៉ាងពេញទំហឹងនៅក្បែររបងវត្តអូរច្រា បណ្តាលឱ្យបោកក្បាលទៅនឹងគល់ស្វាយហូរឈាមជោគពេញដី និងបាក់ដៃស្តាំ បាក់គល់ថ្គាម សន្លប់ធំ ត្រូវអ្នកជិតខាងឃើញស្គាល់ ក៏ទូរស័ព្ទហៅរថយន្តសង្រ្គោះមកដឹកយកទៅមន្ទីរពេទ្យឯកជនក្រុង ប៉ៃលិន ។ លោកអនុសេនីយ៍ទោ ញ៉ិល ឃីម នាយផ្នែកចរាចរណ៍ក្រុងប៉ៃលិន បានប្រាប់ឱ្យដឹងតាមទូរស័ព្ទថា ជនរងគ្រោះម្នាក់នេះ ជិះម៉ូតូតែម្នាក់ឯង ហើយសេពគ្រឿងស្រវឹង និងបើកបរហួសល្បឿនកំណត់ទើបបណ្តាលឱ្យរងគ្រោះបែបនេះ ។ លោកបានបន្តថា ម៉ូតូដែលជនរងគ្រោះខ្ចីមិត្តភក្តិជិះទៅបុកដើមស្វាយនោះ ត្រូវសមត្ថកិច្ចប្រគល់ជូនម្ចាស់វិញ ដើម្បីយកទៅជួសជុល រីឯជនរងគ្រោះពេលដឹកទៅដល់មន្ទីរពេទ្យឯកជនឈ្មោះ មន្ទីរសម្រាកព្យាបាលខេមរៈ ទើបដឹងខ្លួនឡើងវិញ ៕







ប្រភពមកពីៈ​ កោះសន្ដិភាព

Wednesday, August 14, 2013

យុវជនម្នាក់លោតសម្លាប់ខ្លួនពីលើស្ពានព្រះមុន្នីវង្សថ្មីដោយមិនដឹងមូលហេតុ

ថ្ងៃព្រហស្បត្ត៏ ទី១៥ ខែសីហា ឆ្នាំ២០១៣ ម៉ោង 12:55 PM រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានលោតសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៤ សីហា ២០១៣។ យុវជនខាងលើមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយមុនពេលកើតហេតុគេឃើញយុវជនរូបនេះជិះកង់ឡើងស្ពានពីកើតទៅលិចដោយទឹកមុខក្រៀមក្រំយ៉ាងខ្លាំង លុះធ្វើដំណើរដល់ពាក់កណ្តាលស្ពានបានឈប់កង់ ហើយលើកកង់ទម្លាក់ទៅក្នុងទន្លេ រួចលោតសម្លាប់ខ្លួនទៅតាមក្រោយលិចបាត់តែម្តង។


ប្រភពមកពីៈ  កោះសន្ដិភាព

ហ៊ីយ៉ាន់ដាយដឹកដីបើកបុករនាំងដែកចែកផ្លូវបាក់៧ផ្ទាំងមុខផ្សារទឹកថ្លា

ថ្ងៃព្រហស្បត្ត៏ ទី១៥ ខែសីហា ឆ្នាំ២០១៣ ម៉ោង 10:47 រាជធានីភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយដឹកដីមួយគ្រឿងបើកបុករនាំងដែកចែកផ្លូវមុខផ្សារទឹកថ្លាបាក់អស់៧ផ្ទាំង កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១៥ សីហា ២០១៣ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សាក្សីឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកដីម៉ាកហ៊ីយ៉ាន់ដាយ បើកតាមផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិច លុះដល់មុខផ្សារទឹកថ្លា ដោយសាររថយន្តនៅខាងមុខជាន់ហ្វ្រាំងប្រថុចញ៉ុចពេក ធ្វើឱ្យរថយន្តដឹកដីបួងចង្កូតមិនទាន់ក៏ជ្រុលបុកបាក់រនាំងដែកចែកផ្លូវតែម្តង ៕


ប្រភពមកពីៈ កោះសន្ដិភាព

ជិះគោយន្តជាន់មីនតោនផ្ទុះស្លាប់៦នាក់ របួសធ្ងន់ម្នាក់នៅស្រុកជាំក្សាន្ត

ថ្ងៃព្រហស្បត្ត៏ ទី១៥ ខែសីហា ឆ្នាំ២០១៣ ម៉ោង 10:47 ខេត្តព្រះវិហារ ៖ បុរស៦នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរបួសធ្ងន់ ខណៈពួកគេជិះគោយន្តត្រឡប់ពីស្រែចម្ងាយពីភូមិ៥គីឡូម៉ែត្រ បានជួបឧប្បត្តិហេតុជាន់មីនតោនដែលបន្សល់ទុកពីសម័យសង្គ្រាម បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៤ សីហា ២០១៣ ស្ថិតក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ។ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណសពជនរងគ្រោះទាំង៦នាក់ និងអ្នករងរបួសនៅឡើយទេ ។ តាមការបញ្ជាក់ពីលោកសុខ ហៃ អភិបាលស្រុកជាំក្សាន្តបានឱ្យដឹងថា ឧប្បត្តិហេតុនេះកើតឡើងដោយចៃដន្យ ដោយសារនៅតំបន់នោះជាអតីតតំបន់សមរភូមិសង្គ្រាម។ លោកបានបន្តទៀតថា សពជនរងគ្រោះទាំង៦នាក់នោះត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋានរៀងៗខ្លួន ចំណែកអ្នករងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លោកអភិបាលស្រុកជាំក្សាន្តបានបន្ថែមថា នៅថ្ងៃទី១៦ សីហា ២០១៣ស្អែកនេះ លោកអភិបាលខេត្តព្រះវិហារនឹងនាំយកអំណោយកាកបាទក្រហមកម្ពុជាទៅចែកជូនគ្រួសារជនរងគ្រោះទាំង៦នាក់ និងអ្នករងរបួសធ្ងន់ដល់លំនៅឋាន៕
ប្រភពមកពីៈ កោះសន្ដិភាព

Sunday, August 11, 2013

ប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ វេលាម៉ោង៩ព្រឹកនេះ

រាជធានីភ្នំពេញ ៖ លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រាប់ឱ្យដឹង នៅរសៀលថ្ងៃទី១១ សីហា ២០១៣ ថា នៅវេលាព្រឹកម៉ោង៩ ថ្ងៃទី១២ សីហា ២០១៣ នឹងធ្វើការប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៅទីស្នាក់ការកណ្តាលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ ការប្រកាសលទ្ធផលនេះ នឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) ៕ ប្រភពមកពី កោះសន្ដិភាព

Wednesday, August 7, 2013

ស្ត្រី២នាក់ ម្នាក់ប្រចណ្ឌប្តី ម្នាក់សង្សារបែកចិត្ត លេបថ្នាំប៉ងធ្វើអត្តឃាតក្នុងថ្ងៃតែមួយ

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដោយសារប្រចណ្ឌប្តីបានលេបថ្នាំប៉ារ៉ាសេតាមុលអស់៥បន្ទះស្មើនឹង៥០គ្រាប់ប៉ងធ្វើអត្តឃាត តែមិនបានសម្រេច ហើយត្រូវក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៧ សីហា នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ បើតាមបុរសជាប្តីបានឱ្យដឹងថា រូបគេជាជាងសំណង់ និងជាងពិតានតាមរោងចក្រ មានប្រពន្ធឈ្មោះស្រី រ័ត្ន អាយុ១៩ឆ្នាំ ។ គាត់បន្តថា ឆ្លៀតពេលទំនេរពីការងារនៅពេលល្ងាចគាត់បានទៅរៀនភាសាចិនដើម្បីងាយស្រួលនិយាយជាមួយជនជាតិចិនជាថៅកែរោងចក្រ ដោយទើបតែទៅរៀនបានរយៈពេល២០ថ្ងៃប៉ុណ្ណោះ គឺរៀនរយៈពេល២ទៅ៣ម៉ោង ប៉ុន្តែប្រពន្ធមិនជឿថាគាត់ទៅរៀនចិនទេ បែរជាប្រចណ្ឌថារូបគាត់មានស្រីនៅខាងក្រៅទៅវិញ ទើបនៅថ្ងៃកើតហេតុនាងបានផឹកថ្នាំប៉ារ៉ាសេតាមុលអស់៥បន្ទះរហូតសន្លប់ស្តូកស្តឹង ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យលាងក្រពះជម្រះជាតិពុលបានធូរស្រាលឡើងវិញ។ ដោយឡែកស្ត្រីម្នាក់ទៀតដោយខូចចិត្តនឹងសង្សារក្បត់ចិត្តបានលេបថ្នាំប៉ារ៉ាសេតាមុលអស់២បន្ទះ ស្មើនឹង២០គ្រាប់ប៉ងធ្វើអត្តឃាត តែមិនបានសម្រេចកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី៧ សីហា នៅបន្ទប់ជួលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ នារីរូបនេះត្រូវបានគេស្គាល់ឈ្មោះជាង ហ៊ឹម អាយុ២៣ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរនៅម្តុំស្ទឹងមានជ័យ មានស្រុកកំណើតនៅខេត្តកំពង់ធំ ស្នាក់នៅបន្ទប់ជួលខាងលើ។ តាមការបង្ហើបឱ្យដឹងពីសាច់ញាតិថា មូលហេតុដែលបណ្តាលឱ្យនាងលេបថ្នាំសម្លាប់ខ្លួននេះដោយសារខូចចិត្តនឹងសង្សារបែកចិត្តទៅមានស្រីថ្មី។


ប្រភពមកពីៈ កោះសន្ដិភាព

Tuesday, August 6, 2013

គន្លឹះសំខាន់អំពីការសម្ភាសការងារ!

បទសម្ភាសអាចជាដំណាក់កាលទីពីរក្នុងការស្វែងរកការងារ បន្ទាប់ពីអ្នកត្រូវបានជម្រុះដោយការពិនិត្យមើលប្រវត្តិរូបសង្ខេប (CV) ជាមួយបេក្ខជនដទៃរួចហើយនោះ។ ចំពោះអ្នកធ្លាប់ ឆ្លងកាត់ការសម្ភាសច្រើនដង គេអាចប្រមូលអារម្មណ៍បានល្អ ក្នុងការឆ្លើយសំណួរទាំងឡាយឲ្យបានត្រឹមត្រូវ។ ដោយឡែក ប្រសិនបើអ្នកមិនធ្លាប់ទទួលបានការសម្ភាសពីមុនមក ការគ្រប់គ្រងអារម្មណ៍ និងការត្រៀមខ្លួនឲ្យបានត្រឹមត្រូវ ជារឿងដែលមិនអាចមើលរំលង។ ខាងក្រោមនេះ ជាអ្វីដែលអ្នកគួរយល់ដឹង មុន អំឡុង និងក្រោយពេលសម្ភាស។

មុនពេលសម្ភាស
  • ត្រូវឲ្យច្បាស់ថារាល់ព័ត៌មាននៅក្នុង CV របស់អ្នកបានកែសម្រួលជាមួយព័ត៌មានថ្មីៗអំពីអ្នក
  • អ្នកត្រូវសិក្សាពីប្រវត្តិខ្លះៗរបស់ក្រុមហ៊ុនដែលអ្នកដាក់ពាក្យ
  • ត្រៀមសំណួរមួយចំនួនដែលទាក់ទងនឹងការងារ និងក្រុមហ៊ុនដែលអ្នកដាក់ពាក្យសម្រាប់សួរនៅក្នុងកិច្ចសម្ភាស
  • អនុវត្តនិយាយឲ្យបានច្បាស់ និងមានអំណះអំណាងត្រឹមត្រូវពាក់ព័ន្ធនឹងការសិក្សា និងប្រវត្តិការងាររបស់អ្នក
  • អនុវត្តស្លៀកពាក់ឲ្យបានសមរម្យ និងត្រឹមត្រូវតាមប្រភេទការងារដែលអ្នកចង់ធ្វើ
  • ហាត់សមឲ្យបានច្រើនមុនពេលសម្ភាសដោយនិយាយជាមួយខ្លួនឯងក្នុងកញ្ចក់ជាដើម
  • ត្រូវទៅស្គាល់កន្លែងសម្ភាសឲ្យហើយ ដើម្បីជៀសវាងទៅដល់យឺតពេលនៅថ្ងៃសម្ភាសដោយមិនស្គាល់ទីតាំង
  • គេងឲ្យបានគ្រប់គ្រាន់មុនថ្ងៃសម្ភាសមួយថ្ងៃ
    ថ្ងៃសម្ភាស
  • ស្រស់ស្រូបអាហារសម្រន់បន្តិចមុនទៅសម្ភាស
  • មិនត្រូវបាញ់ទឹកអប់ដែលមានក្លិនខ្លាំងពេកនោះទេ
  • ចេញដំណើរឲ្យបានមុនម៉ោងបន្តិចដើម្បីជៀសវាងការយឺតយ៉ាវ
    អំឡុងពេលសម្ភាស
  • បិទទូរស័ព្ទ ឬដាក់ញ័រ
  • មិនត្រូវទំពាស្ករកៅស៊ូនោះទេ
  • ជម្រាបសួរ ឬចាប់ដៃអ្នកធ្វើសម្ភាសដោយស្នាមញញឹម និងភាពម៉ត់ចត់
  • ស្ដាប់សំណួរឲ្យបានច្បាស់ឆ្លើយឲ្យចំសំណួរតាមការចង់បាន មិនវែងពេក មិនខ្លីពេក និងសម្លឹងកែវភ្នែកអ្នកដែលសួរសំណួរមកអ្នករាល់ពេលឆ្លើយសំណួរ
  • សម្ដែងចំណាប់អារម្មណ៍លើមុខដំណែងរបស់អ្នក
  • ជៀសវាងការប្រើកាយវិការឆ្ការដៃ ឆ្ការជើងហួសហេតុ
  • ជៀសវាងការនិយាយកាត់សម្ដីអ្នកធ្វើសម្ភាស
  • មិនត្រូវផ្ដោតសំខាន់លើរឿងប្រាក់ខែពេកទេ
  • ត្រូវកត់ត្រារាល់សំណួរដែលអ្នកបានសួរទៅអ្នកធ្វើសម្ភាស
  • នៅចុងបញ្ចប់ត្រូវចាប់ដៃ ឬជម្រាបលាញញឹម និងសម្ដែងពីចំណាប់អារម្មណ៍របស់អ្នកដោយនិយាយនូវពាក្យដូចជា “ខ្ញុំសង្ឃឹមថានឹងមានឱកាសបានធ្វើការរួមគ្នានៅពេលឆាប់ៗជាមួយ អ្នក” ជាដើមបន្ទាប់ពីការសម្ភាស
  • អ្នកអាចផ្ញើ អ៊ីមែល ថ្លែងអំណរគុណអ្នកធ្វើសម្ភាស និងបញ្ជាក់ជំនឿចិត្តរបស់អ្នក នេះគ្រាន់ជា គន្លឹះមួយចំនួនប៉ុណ្ណោះ សង្ឃឹមថា ប្រិយមិត្តទទួលបានជោគជ័យលើការទទួលបានការងារ៕

វីធីបំបាត់ភាពងោកងុយ ក្នុងពេលធ្វើការ

អ្នកដែលមានអារម្មណ៍ងោកងុយ នៅពេលរសៀល ភាគច្រើនតែងតែពឹងផ្អែកលើ កាហ្វេ។ ប៉ុន្តែ អ្នកដឹងរួចមកហើយថា បើទទួលទានកាហ្វេញឹកញាប់ នឹងមិនល្អចំពោះ សុខភាពទេ។ ដូច្នេះ គួរងាកមកប្រើជម្រើសផ្សេង ដែលមានប្រយោជន៍ជាងនេះ ដូចជា ៖ បន្លែ ផ្លែឈើ ដែលមានវីតាមីន C ៖ ដូចជា ត្របែក ក្រូច ពេលរាងកាយអស់- កម្លាំង ប្រយោជន៍ពីវីតាមីន ជ នឹងជួយប្រឆាំងភាពតានតឹង និងទុក្ខកង្វល់បាន។ ផ្លែឈើដែលមានជាតិក្រូមីញ៉ូម ៖ ដើម្បី ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និងបង្កើន ថាមពលដល់រាងកាយ ដែលអាចជួយបន្ថយ ភាពងោកងុយបានយ៉ាងល្អ ដូចជា ផ្លែប៉ោម ចេក ជាដើម។ ជាពិសេស ផ្លែប៉ោម មានជាតិស្ករម៉ូ- លេគុលទោលច្រើន ជួយជំរុញភាពស្រស់ស្រាយ ដល់រាងកាយ ថែមទាំងងាយស្រួលរំលាយ ទើប រាងកាយអាចទាញយកថាមពលទៅប្រើប្រាស់ បានភ្លាមៗ និងពុំមានគ្រោះថ្នាក់ចំពោះរាងកាយ។ អ្នកអាចទទួលទានផ្លែប៉ោម ជំនួសកាហ្វេ នៅពេលព្រឹក បាន។ ធញ្ញជាតិ ៖ ដូចជា សណ្តែក ល្ង អង្ករសំរូប អាចជួយបំប៉នសរសៃប្រសាទ និង ធ្វើឱ្យស្រស់ថ្លាបាន។ អាហារប្រភេទនេះ សម្បូរដោយប៉ូតាសស្យូម និងម៉ាញេស្យូម។ ក្រៅពីនេះ ក៏ជាប្រភពផ្តល់ជាតិប្រូតេអ៊ីន បង្កើនថាមពលដល់រាងកាយផងដែរ។ អូមេហ្គា-៣ ជាតិខ្លាញ់ពីត្រី ៖ សារធាតុប្រភេទនេះ នឹងជួយឱ្យមានសមាធិប្រសើរ ឡើង និងមានការចងចាំបានល្អ៕

Sunday, August 4, 2013

រូបភាព


ស្ត្រីម្នាក់ត្រូវប្តីវាយឱ្យសន្លប់ដេកក្បែររថយន្តដែលគេចតចូលហាងកាហ្វេ

ស្ត្រីចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញដេកសន្លប់នៅលើចិញ្ចើមផ្លូវមុខរថយន្តកាមរីដែលម្ចាស់គេចតចូលហូបកាហ្វេកាលពីវេលាម៉ោង៧ និង៤៥នាទីព្រឹកថ្ងៃទី៥ សីហា ២០១៣ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ។ ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះមីង ស៊ី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ។ ស្ត្រីរូបនោះពុំបានប្រាប់ពីមូលហេតុអ្វីនោះទេ គ្រាន់តែប្រាប់សមត្ថកិច្ចថា អ្នកដែលបង្កឱ្យរូបគាត់ដួលសន្លប់នោះ គឺជាប្តីហេងស៊យរបស់គាត់ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតេហតុ គេឃើញបុរសម្នាក់ស្លៀកខោខ្លី ពាក់អាវយឺតបានបណ្តើរគ្នាជាមួយស្ត្រីរងគ្រោះដែលគេសន្និដ្ឋានថា ជាប្តីប្រពន្ធនឹងគ្នា លុះបណ្តើរគ្នាមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែបានប្រតាយប្រតប់គ្នា ហើយបុរសនោះបានដាល់ស្ត្រីរូបនោះចំៗកន្លែងសៀតផ្កា២-៣ដៃ រួចស្ត្រីរូបនោះបានដួលសន្លប់នៅមុខរថយន្តដែលគេចតលើចិញ្ចើមផ្លូវ ។ចំណែកបុរសនោះ ក្រោយពីវាយស្ត្រីរូបនោះដួលសន្លប់ហើយ ក៏រត់គេចខ្លួនទៅទិសខាងលិចបាត់ទៅ ៕



ប្រភពមកពីៈ កោះសន្ដិភាព





Thursday, August 1, 2013

អាជ្ញាធររាជធានីភ្នំពេញចុះបិទទ្វារទឹកនៅស្ថានីយចតុមុខជាប់មាត់ទន្លេ ខណៈកំពស់ទឹកឡើងដល់ចំណុចដែលត្រូវបិទ

អាជ្ញាធររាជធានីភ្នំពេញបានចុះបិទទ្វារទឹកនៅស្ថានីយចតុមុខជាប់មាត់ទន្លេ កាលពីព្រឹក ថ្ងៃទី២ សីហា ២០១៣នេះ ខណៈដែលកំពស់ទឹកឡើងដល់ចំណុចដែលត្រូវបិទ។ ការចុះបិទនេះដឹកនាំដោយលោកជ្រាង សុផាន់ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីអង្គភាពលូទឹកនៃមន្ទីរសាធារណការរាជធានី។ មន្ត្រីផ្នែកលូទឹកបាននិយាយថា មកដល់ពេលនេះកំពស់ទឹកនៅទន្លេចតុមុខ គឺស្ថិតនៅកំពស់៧,៥២ម៉ែត្រ តែបើសិនឡើងដល់កំពស់៧,៥៥ម៉ែត្រទ្វារទឹកដែលស្ថិតនៅតាមដងទន្លេនឹងត្រូវបិទតែម្តង។ មន្ត្រីផ្នែកលូទឹកបានបន្តថា ទ្វារទឹកនៅតាមជួរមាត់ទន្លេទាំងអស់មាន១១ទ្វារទឹក ហើយនៅពេលនេះសាលារាជធានីបិទបាន២ហើយ គឺទ្វារទឹកស្វាយប៉ាក និងចតុមុខ។ មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យដឹងផងដែរថា កំពស់ទឹកនៅមិនទាន់ដល់ចំណុចប្រកាសអាសន្ននៅឡើយទេ ប៉ុន្តែសាលារាជធានីចាំបាច់ត្រូវបិទទ្វារទឹក២ដើម្បីការពារកុំឱ្យទឹកចូលពីទន្លេតាមប្រព័ន្ធលូហូរចូលរាជធានីភ្នំពេញ ហើយបើសិនជាមានទឹកឡើង គឺត្រូវតែបូមចេញវិញ៕


ប្រភពមកពីៈ​ កោះសន្ដិភាព