សូមស្វាគមន៍

Wednesday, August 14, 2013

ជិះគោយន្តជាន់មីនតោនផ្ទុះស្លាប់៦នាក់ របួសធ្ងន់ម្នាក់នៅស្រុកជាំក្សាន្ត

ថ្ងៃព្រហស្បត្ត៏ ទី១៥ ខែសីហា ឆ្នាំ២០១៣ ម៉ោង 10:47 ខេត្តព្រះវិហារ ៖ បុរស៦នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរបួសធ្ងន់ ខណៈពួកគេជិះគោយន្តត្រឡប់ពីស្រែចម្ងាយពីភូមិ៥គីឡូម៉ែត្រ បានជួបឧប្បត្តិហេតុជាន់មីនតោនដែលបន្សល់ទុកពីសម័យសង្គ្រាម បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៤ សីហា ២០១៣ ស្ថិតក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ។ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណសពជនរងគ្រោះទាំង៦នាក់ និងអ្នករងរបួសនៅឡើយទេ ។ តាមការបញ្ជាក់ពីលោកសុខ ហៃ អភិបាលស្រុកជាំក្សាន្តបានឱ្យដឹងថា ឧប្បត្តិហេតុនេះកើតឡើងដោយចៃដន្យ ដោយសារនៅតំបន់នោះជាអតីតតំបន់សមរភូមិសង្គ្រាម។ លោកបានបន្តទៀតថា សពជនរងគ្រោះទាំង៦នាក់នោះត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋានរៀងៗខ្លួន ចំណែកអ្នករងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លោកអភិបាលស្រុកជាំក្សាន្តបានបន្ថែមថា នៅថ្ងៃទី១៦ សីហា ២០១៣ស្អែកនេះ លោកអភិបាលខេត្តព្រះវិហារនឹងនាំយកអំណោយកាកបាទក្រហមកម្ពុជាទៅចែកជូនគ្រួសារជនរងគ្រោះទាំង៦នាក់ និងអ្នករងរបួសធ្ងន់ដល់លំនៅឋាន៕
ប្រភពមកពីៈ កោះសន្ដិភាព

0 comments:

Post a Comment