សូមស្វាគមន៍

Saturday, July 13, 2013

ចាន់ ស៊ីណាត ប៉ះ លាភ សំណាង ម្តងទៀតក្រោយរំសាយការប្រយុទ្ធ

កាលពីថ្ងៃទី២ មិថុនា កីឡាករចាន់ ស៊ីណាត និងកីឡាករ លាភ សំណាង បានប៉ះគ្នាម្តងហើយ ប៉ុន្តែការប្រកួតដ៏ក្តៅគគុកនោះ មិនបានប្រកាសលទ្ធផលឡើយ ដោយសារតែភាគីទាំងពីរមានរបួសធ្ងន់ទាំងសងខាង ។ ហេតុផលនេះហើយ ដែលជំរុញឱ្យជំនួបលើកទី២រវាងគូចាស់នេះ ធ្វើឱ្យមានការជជែកវែកញែកយ៉ាងផុសផុល ថាកីឡាករទាំងពីរពិតជាបង្ហាញភាពស៊ីសាច់ហុតឈាមគ្នាជាថ្មី ព្រមជាមួយនឹងការប្រឹងប្រែងស្វែងរកឱកាសឈ្នះរៀងៗខ្លួនឱ្យខាងតែបានមិនខាន ។ ការប្រកាសឱ្យកីឡាករចាន់ ស៊ីណាត មកពីក្លិបនិរោធមានជ័យ និងកីឡាករ លាភ សំណាង មកពីក្លិបកងពលតូចលេខ៧០ ប៉ះគ្នានាល្ងាចថ្ងៃសៅរ៍ទី១៣ កក្កដា នៅសង្វៀនបាយ័នបឹងស្នោនេះកំពុងធ្វើឱ្យមានការចាប់អារម្មណ៍ និងរលឹកភ្លាមៗដល់ទិដ្ឋភាពដែលពួកគេធ្លាប់ប៉ះគ្នាកាលពីដើមខែមុន ។ ក្នុងជំនួបលើកទី១ ពួកគេទាំងពីរបានវាយគ្នាដោយមិនសំចៃដៃឡើយ ដើម្បីបញ្ចៀសអារម្មណ៍រង្កៀសចិត្តរបស់មហាជន និងក្នុងបំណងច្បាមយកប្រជាប្រិយភាពក្នុងការប្រកួតប្រជែងគ្នានេះ ។ ផ្ទុយពីការប្រកួតរបស់គូខ្លះ ដែលដាក់វេនគ្នាវាយលុក ចាន់ ស៊ីណាត និងលាភ សំណាង រំលេចសភាពស៊ីសាច់ហុតឈាមគ្នាតាំងពីដើមទឹកទី១ ។ បើភាគីលាភ សំណាង វាយមួយដៃ ឬទាត់មួយជើង គេពិតជាឃើញចាន់ ស៊ីណាត វាត់មួយកែង ឬស្ទុះអុកមួយជង្គង់ភ្លាមៗដោយមិនខ្លាចប្រឈមគ្រោះថ្នាក់ឡើយ ។ សកម្មភាពវាយលុកដោយមិនញញើតដៃរបស់អ្នកទាំងពីរ បានទទួលការចាប់អារម្មណ៍លើសលប់ ពិសេសបន្ទាប់ពីភាគីម្ខាងៗមានសភាពរយះមុខ និងហូរឈាមស្រោចខ្លួនទៅហើយ បែរជានៅតែតតាំងគ្នាទៀត ។ តាំងពីទឹកទី១ បើទោះជាពួកគេរយះផង បែករបួសចាស់ផង ប៉ុន្តែគេនៅតែមិនឃើញម្នាក់ក្នុងចំណោមពួកគេបន្ថយដៃ ឬបង្អន់ការវាយលុកទាល់តែសោះ ។ ពួកគេត្រូវគេផ្អាកការប្រកួតនៅទឹកទី៣ ដើម្បីបញ្ចៀសគ្រោះថ្នាក់ បន្ទាប់ពីការប្រយុទ្ធក្លាយជាឆាកបង្ហូរឈាមកាន់តែខ្លាំង ។ ឆន្ទៈតស៊ូដ៏កម្រនេះ បានធ្វើឱ្យចាន់ ស៊ីណាត និងលាភ សំណាង ក្លាយជាគូប្រកួតក្នុងអារម្មណ៍អ្នកស្នេហាកីឡាប្រដាល់ភាគច្រើន ដែលការចាប់អារម្មណ៍នេះកំពុងផុសផុលបន្ថែមទៀតក្នុងជំនួបម្តងទៀតនាល្ងាចនេះនៅលើសង្វៀនទូរទស្សន៍បាយ័ន ។ ទាំងចាន់ ស៊ីណាត ទាំង លាភ សំណាង បានអះអាងរួចជាស្រេចថា ពួកគេមិនត្រូវការចាញ់ឡើយក្នុងជំនួបថ្ងៃនេះ ។ ម្នាក់ៗអះអាងថា តាំងពីមានការផ្គូផ្គងមកពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការហ្វឹកហាត់ ដោយពួកគេហា៊ននិយាយដោយមុតមាំថា បើទោះជាចាញ់ក៏នឹងធ្វើឱ្យអ្នកទស្សនាញាក់សាច់ដែរ ។ ក្រុមអ្នកតាមដានលើកឡើងថា បើអ្នកទាំងពីរពិតជាប្រកាន់ជំហរដូចដើមមែននោះ មានន័យថា ការប្រកួតដែលនឹងចាប់ផ្តើមបន្តិចទៀតនេះ នឹងកក្រើកជាលើកទី២ជាមិនខាន ដែលផ្ទុយពីការប្រកួតរបស់កីឡាករជើងចាស់ខ្លះ ដែលត្រូវគេយល់ថា រាងស្ទក់ជាងក្មេងៗនោះ ។ ចាំមើលមើល៍ តើកីឡាករទាំងពីរអាចធ្វើឱ្យរញ្ជួយសង្វៀនបឹងស្នោដូចជំនួបលើកទី១កាលពីមុននោះដែរឬទេ ? នៅសង្វៀនដដែល ក៏មានការប្រកួតរវាងកីឡាករគុន សំណង មកពីក្លិបខេមរិន្ទមានឫទ្ធិ និងកីឡាករពៅ សារ៉ាក់ មកពីក្លិបបាត់ដំបងពាយ័ព្យ ។ កីឡាករប៉ូ វណ្ណស័ក្ត ដែលបាត់មុខយូរ និងកំពុងជ្រកក្នុងក្លិបក្រសួងការពារជាតិ នឹងប្រកួតជាមួយកីឡាករផាន់ សារុន មកពីក្លិបព្រះខ័នរាជ ។ ប៉ូ វណ្ណស័ក្ត ជាអតីតដៃគូរបស់កីឡាករបឺត ខាំ កីឡាករឡុង សុភី និង កីឡាករកែវ រំចង់ ដែលល្បីបំផុតកាលពីអំឡុងឆ្នាំ២០០៨-២០០៩ ។ ដោយឡែក មួយគូទៀត គឺការប្រកួតរវាងកីឡាករសេន កុសល មកពីក្លិបមោងឫស្សីគុនខ្មែរ និងកីឡាករជើងថ្មី រ៉ន វិឆ័យ មកពីក្លិបរកាខ្នុរគុនខ្មែរបង្ក្រាបគ្រឿងញៀន ក៏ ជាគូដែលមានការចាប់អារម្មណ៍ផងដែរ ៕

កីឡាករ ចាន់ ស៊ីណាត


កីឡាករ លាភ សំណាង
ប្រភពមកពី កោះសន្ដិភាព

0 comments:

Post a Comment