សូមស្វាគមន៍

Friday, July 5, 2013

យុគ យក្សផ្លែ ស៊ូបំផុតលើរេញបាកាស ក្រោយរបួសធ្ងន់4កន្លែង

ការប្រកួតប្រដាល់ជ្រើសរើសជើងឯកភេសជ្ជៈបាកាសប្រចាំខែទី៣ ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ កាលពីថ្ងៃព្រហស្បតិ៍ទី៤ កក្កដា បានធ្វើឲ្យកក្រើកសង្វៀនBeeline Arena ស្ទើរមិនគួរឲ្យជឿ ។ ក្នុងនោះ កីឡាករយុគ យក្សផ្លែ ដែលឈានដល់វគ្គចុងក្រោយបានក្លាយជាកីឡាករជើងខ្លាំងជាប់លេខតែម្នាក់គត់ ដែលបានទទួលការសរសើរថាស៊ូផុតលេខ បើទោះជាគេមានរបួសក្នុងកម្រិតធ្ងន់ធ្ងររហូតដល់ទៅ៤កន្លែងផ្សេងគ្នាក្តី ។ មិនខុសពីការព្យាករមែនកីឡាករ យុគ យក្សផ្លែ មកពីក្លិបអប់រំកាយ ខេត្តបាត់ដំបង ពិតជាបានឈានដល់គូចុងក្រោយក្នុងការដណ្ដើមជើងឯកភេសជ្ជៈបាកាសសម្រាប់ខែទី៣ ។ ប៉ុន្តែគួរឲ្យស្ដាយ គេមិនបានក្លាយជាជើងឯកដូចការគ្រោងទុកឡើយ ដោយសារតែមុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រគេបានប្រទះនឹងជើងខ្លាំង រហូតមានរបួសឡើងទ្រមខ្លួនរួចទៅហើយ។ ទោះបីយ៉ាងណា យុគ យក្សផ្លែ ត្រូវបានមហាជនលាន់មាត់សរសើរពេញសង្វៀនទាំងមូល បន្ទាប់ពីគេបង្ហាញឲ្យឃើញនូវការតស៊ូក្នុងការប្រកួតកាលពីល្ងាចនោះ ។ ក្នុងជំនួបទី១ កីឡាករយុគ យក្សផ្លែ បានយកឈ្នះកីឡាករ ងឿន វិចិត្រ មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ដែលខ្លួនមិនធ្លាប់ឈ្នះទាល់តែសោះកាលពីមុន ដោយលំបាកបំផុត ។ យុគ យក្សផ្លែ មិនត្រឹមតែបែកគុម្ពត្រចៀកប៉ុណ្ណោះទេ គឺថែមទាំងរយះចិញ្ចើមខាងឆ្វេងក្នុងកម្រិតធ្ងន់ធ្ងរយ៉ាងគួរឲ្យអាណិត និងចាត់ទុកថាសំណាងផង ដែលក្នុងជំនួបលើកទី២ គេអាចផ្ដួលកីឡាករវីវ៉ា បាចា មកពីក្លិបមហិទ្ធិឫទ្ធិតាដំបងដែក ឲ្យសន្លប់ក្នុងទឹកទី១ ដោយមិនសូវប្រើកម្លាំងច្រើន ។ ឈានដល់វគ្គចុងក្រោយយុគ យក្សផ្លែ ដែលមានសមត្ថភាពបានឡើងរេញបាកាសក្នុងជុំផ្ដាច់ព្រ័ត្រ ជាមួយកីឡាករជើងថ្មី ឌុន ប៊ុនធឿន មកពីក្លិបអេភូថងកីឡា បែរជាមិនទទួលសំណាងបន្ទាប់ពីគេភ្លាត់ឲ្យត្រូវកែងរបស់គូប្រកួតបណ្ដាលឲ្យបាក់ខ្ទង់ច្រមុះ និងរយះកណ្ដាលក្បាលស្ទើរតែធ្វើឲ្យគេសន្លប់មុនចប់ទឹក ។ គេត្រូវអាជ្ញាកណ្ដាលរាប់២ដងនៅទឹកទី២ និងទឹកទី៤ ក្នុងពេលបាក់ខ្ទង់ច្រមុះ និងបែកកណ្ដាលក្បាលហូរឈាមដូចទឹកធ្លាក់ ។ យុគ យក្សផ្លែ ដែលលើផ្ទៃមុខមានហូរឈាមក្រហមច្រាលដោយសាររងរបួសបួនកន្លែងផ្សេងគ្នា គឺចិញ្ចើមឆ្វេង ត្រចៀក កណ្ដាលក្បាល និងបាក់ខ្ទង់ច្រមុះបានបង្ហាញការតស៊ូហួសពីការស្មាន បើក្រៅពីគេប្រហែលសុំឈប់កណ្ដាលទីបាត់ទៅហើយ ដើម្បីថែរក្សាសុវត្ថិភាព និងការពារអាយុជីវិត ។ យោងតាមការប្រកួតឌុន ប៊ុនធឿន មិនមានសមត្ថភាពធ្វើឲ្យយុគ យក្សផ្លែ ចាញ់នោះទេ បើទោះជាគេភ្លាត់ឲ្យបែកកណ្ដាលក្បាល និងបាក់ខ្ទង់ច្រមុះ ពោលគឺដោយសារតែយុគ យក្សផ្លែ ទ្រមខ្លួន និងមានរបួសស្រាប់ក្នុងពេលប៉ះជាមួយងឿន វិចិត្រ នោះតែប៉ុណ្ណោះ ។ អ្នកទស្សនាគ្រប់គ្នាលាន់មាត់សរសើរយុគ យក្សផ្លែ ដែលមានរបួស៤កន្លែងព្រមគ្នាហើយនៅតែអាចវាយសម្រុកលើឌុន ប៊ុនធឿន ស្ទើរសុសសាច់ធ្វើឲ្យអ្នកទស្សនាស្រែកហ៊ោកញ្ជ្រៀវពេញសង្វៀន ។ ប្រសិនបើយុគ យក្សផ្លែ មិនត្រូវរាប់ពីរដងឌុន ប៊ុនធឿន មិនអាចក្លាយជាអ្នកគ្រងតំណែងជើងឯកប្រចាំខែទី៣របស់ភេសជ្ជៈបាកាសបាននោះឡើយ បើយោងតាមតែគេវាយទៅលើយុគ យក្សផ្លែ ត្រូវបានតិចតួចបែបហ្នឹងនោះ ។ ជ័យជម្នះរបស់ឌុន ប៊ុនធឿន បានទទួលរងការរិះគន់គួរសមថាក្រុមអ្នកកាត់ក្ដីផ្ដល់ពិន្ទុលម្អៀង ព្រោះតែឌុន ប៊ុនធឿន ជាកូនសិស្សរបស់អេភូថង ដែលជាមន្ត្រី កីឡាស្និទ្ធនឹងក្រុមអ្នករៀបចំកម្មវិធីប្រដាល់នៅប៉ុស្ដិ៍លេខ៥ ។ ប៉ុន្តែក៏មានការយល់ថា នោះបណ្ដាលមកពីយុគ យក្សផ្លែ ភ្លាត់ឲ្យរាប់២ដង និងមកពីគេភ្លាត់ឲ្យរយះកណ្ដាលក្បាល និងបាក់ខ្ទង់ច្រមុះក្រោមដៃរបស់ឌុន ប៊ុនធឿន ផងដែរ ។ យុគ យក្សផ្លែ និងក្រុមអ្នកគាំទ្រខកចិត្តហួសប្រមាណ ដែលគេភ្លាត់ឲ្យចាញ់ឌុន ប៊ុនធឿន ជាកីឡាករជើងថ្មី និងរបូតទឹកប្រាក់១លាន៨សែន រៀលដែលឧបត្ថម្ភដោយក្រុមហ៊ុនភេសជ្ជៈបាកាស ចំពោះអ្នកឈរជើងឯកប្រចាំខែនីមួយៗនោះ ។ តំណាងក្រុមហ៊ុនបាកាសបញ្ជាក់ថា ម្ចាស់ខ្សែក្រវាត់បាកាសនៅវគ្គបញ្ចប់មិនមែនទទួលប្រាក់១ពាន់ដុល្លារនោះទេ គឺបានរហូតដល់១០លានរៀល ស្មើនឹង២.៥០០ដុល្លារ អមដោយម៉ូតូហុងដាឌ្រីមមួយគ្រឿងដើម្បីលើកទឹកចិត្តដល់អ្នកឈ្នះពីការប្រកួតដ៏ធំនេះ ៕






មានប្រភពមកពី កោះសន្ដិភាព

0 comments:

Post a Comment