ប្រភពមកពីៈ កោះសន្ដិភាព
Friday, August 23, 2013
ស្រវឹងស្រាជោកជាំជិះម៉ូតូលឿន ដល់ផ្លូវកែងពន្លះជាមួយគល់ស្វាយ របួសធ្ងន់សន្លប់ធំ
សៅរ៍ ២៤ សីហា, ២០១៣ ម៉ោង ០៨:២៧
ខេត្តប៉ៃលិន ៖ យុវជនម្នាក់ស្រវឹងស្រាជោកជាំ ជិះម៉ូតូលឿន លុះមកដល់ផ្លូវកែង ក៏ជ្រុលចង្កូតទៅបុកគល់ស្វាយ យ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសបាក់ដៃស្តាំ បាក់គល់ថ្គាម បែកក្បាលសន្លប់ធំនៅនឹងកន្លែង ត្រូវអ្នកជិតខាងឃើញ ទូរស័ព្ទហៅរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរ ពេទ្យឯកជន ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៥០នាទី រសៀលថ្ងៃទី២៣ សីហា ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចផ្លូវកែងវត្តអូរច្រា ក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ជនរងគ្រោះឈ្មោះ ណេន ផានិត ភេទប្រុស អាយុ ១៧ឆ្នាំ ជាកសិករ រស់នៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានខ្ចីម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ អត់ស្លាកលេខរបស់ឈ្មោះ សួន យីម ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិជាមួយគ្នា ម៉ូតូបានរងការខូចខាតយ៉ាងដំណំ ។
តាមសាក្សីបានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ ១គ្រឿង ជិះដោយយុវជនម្នាក់ស្ថិតក្នុងសភាពស្រវឹងស្រាជោក បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចផ្លូវកែងស្រាប់តែយុវជនម្នាក់នេះ បានរេចង្កូតទៅខាងស្តាំដៃ បណ្តាលឱ្យបុកដើមស្វាយយ៉ាងពេញទំហឹងនៅក្បែររបងវត្តអូរច្រា បណ្តាលឱ្យបោកក្បាលទៅនឹងគល់ស្វាយហូរឈាមជោគពេញដី និងបាក់ដៃស្តាំ បាក់គល់ថ្គាម សន្លប់ធំ ត្រូវអ្នកជិតខាងឃើញស្គាល់ ក៏ទូរស័ព្ទហៅរថយន្តសង្រ្គោះមកដឹកយកទៅមន្ទីរពេទ្យឯកជនក្រុង ប៉ៃលិន ។
លោកអនុសេនីយ៍ទោ ញ៉ិល ឃីម នាយផ្នែកចរាចរណ៍ក្រុងប៉ៃលិន បានប្រាប់ឱ្យដឹងតាមទូរស័ព្ទថា ជនរងគ្រោះម្នាក់នេះ ជិះម៉ូតូតែម្នាក់ឯង ហើយសេពគ្រឿងស្រវឹង និងបើកបរហួសល្បឿនកំណត់ទើបបណ្តាលឱ្យរងគ្រោះបែបនេះ ។ លោកបានបន្តថា ម៉ូតូដែលជនរងគ្រោះខ្ចីមិត្តភក្តិជិះទៅបុកដើមស្វាយនោះ ត្រូវសមត្ថកិច្ចប្រគល់ជូនម្ចាស់វិញ ដើម្បីយកទៅជួសជុល រីឯជនរងគ្រោះពេលដឹកទៅដល់មន្ទីរពេទ្យឯកជនឈ្មោះ មន្ទីរសម្រាកព្យាបាលខេមរៈ ទើបដឹងខ្លួនឡើងវិញ ៕
ប្រភពមកពីៈ កោះសន្ដិភាព
ប្រភពមកពីៈ កោះសន្ដិភាព
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment