សូមស្វាគមន៍

Wednesday, August 7, 2013

ស្ត្រី២នាក់ ម្នាក់ប្រចណ្ឌប្តី ម្នាក់សង្សារបែកចិត្ត លេបថ្នាំប៉ងធ្វើអត្តឃាតក្នុងថ្ងៃតែមួយ

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដោយសារប្រចណ្ឌប្តីបានលេបថ្នាំប៉ារ៉ាសេតាមុលអស់៥បន្ទះស្មើនឹង៥០គ្រាប់ប៉ងធ្វើអត្តឃាត តែមិនបានសម្រេច ហើយត្រូវក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៧ សីហា នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ បើតាមបុរសជាប្តីបានឱ្យដឹងថា រូបគេជាជាងសំណង់ និងជាងពិតានតាមរោងចក្រ មានប្រពន្ធឈ្មោះស្រី រ័ត្ន អាយុ១៩ឆ្នាំ ។ គាត់បន្តថា ឆ្លៀតពេលទំនេរពីការងារនៅពេលល្ងាចគាត់បានទៅរៀនភាសាចិនដើម្បីងាយស្រួលនិយាយជាមួយជនជាតិចិនជាថៅកែរោងចក្រ ដោយទើបតែទៅរៀនបានរយៈពេល២០ថ្ងៃប៉ុណ្ណោះ គឺរៀនរយៈពេល២ទៅ៣ម៉ោង ប៉ុន្តែប្រពន្ធមិនជឿថាគាត់ទៅរៀនចិនទេ បែរជាប្រចណ្ឌថារូបគាត់មានស្រីនៅខាងក្រៅទៅវិញ ទើបនៅថ្ងៃកើតហេតុនាងបានផឹកថ្នាំប៉ារ៉ាសេតាមុលអស់៥បន្ទះរហូតសន្លប់ស្តូកស្តឹង ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យលាងក្រពះជម្រះជាតិពុលបានធូរស្រាលឡើងវិញ។ ដោយឡែកស្ត្រីម្នាក់ទៀតដោយខូចចិត្តនឹងសង្សារក្បត់ចិត្តបានលេបថ្នាំប៉ារ៉ាសេតាមុលអស់២បន្ទះ ស្មើនឹង២០គ្រាប់ប៉ងធ្វើអត្តឃាត តែមិនបានសម្រេចកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី៧ សីហា នៅបន្ទប់ជួលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ នារីរូបនេះត្រូវបានគេស្គាល់ឈ្មោះជាង ហ៊ឹម អាយុ២៣ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរនៅម្តុំស្ទឹងមានជ័យ មានស្រុកកំណើតនៅខេត្តកំពង់ធំ ស្នាក់នៅបន្ទប់ជួលខាងលើ។ តាមការបង្ហើបឱ្យដឹងពីសាច់ញាតិថា មូលហេតុដែលបណ្តាលឱ្យនាងលេបថ្នាំសម្លាប់ខ្លួននេះដោយសារខូចចិត្តនឹងសង្សារបែកចិត្តទៅមានស្រីថ្មី។


ប្រភពមកពីៈ កោះសន្ដិភាព

0 comments:

Post a Comment