សូមស្វាគមន៍

Sunday, December 1, 2013

ស្រីម្នាក់ប៉ងធ្វើអត្តឃាត ២លើក មិនបានសម្រេច ព្រោះកូនជួយទាន់ លើកទី៣ គ្មាននរណា

ស្ត្រីម្នាក់មានជំងឺប្រចាំកាយរ៉ាំរ៉ៃជាយូរ ឆ្នាំព្យាបាលមិនជា បានធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងចំនួន ២លើក មកហើយ តែមិនបានសម្រេច ព្រោះមានកូនឃើញជួយទាន់ តែលើកទី៣ ចង.កធ្វើអត្តឃាតនៅលើផ្ទះគ្មាននរណាឃើញ បានសម្រេចដូចបំណងស្លាប់បាត់បង់ជីវិត ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៨ វិច្ឆិកា ២០១៣ នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបូរី។ លោកវរសេនីយ៍ត្រី យ៉ត សុផល អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ស្ត្រីដែលគិតខ្លីធ្វើអត្តឃាតសម្លាប់ខ្លួនឯងចោលប្តី និងកូនប្រុសស្រី ៥នាក់ ឈ្មោះ ហុង ដា អាយុ ៤៧ឆ្នាំ នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបូរី។ លោកអធិការបានបន្តថា តាមការឲ្យដឹងពីបុរសជាប្តី ក៏ដូចជាកូន បានប្រាប់ដល់សមត្ថកិច្ចមូលដ្ឋានថា ស្ត្រីឈ្មោះ ហុង ដា មានជំងឺប្រចាំកាយរ៉ាំរ៉ៃយូរឆ្នាំមកហើយព្យាបាលមិនជា ដូចជា ជំងឺសរសៃប្រសាទ លើសឈាម។ ដោយសារតែមានជំងឺប្រចាំកាយ ស្រ្តីខាងលើបានព្យាយាមប៉ងធ្វើអត្តឃាតសម្លាប់ខ្លួន ២លើក មកហើយ គឺម្តងបម្រុងរត់ចូលឡានតែកូននៅក្បែរនោះ ឃើញទាន់ចាប់ទាញដៃមកវិញ។ រីឯម្តងទៀតបានព្យាយាមលោតទឹកស្រះសម្លាប់ ខ្លួន តែកូនឃើញទាន់បានជួយសង្រ្គោះបានរួចផុតពីការស្លាប់ ចំណែកលើកទី៣ នេះ ដោយគ្មាននរណាដឹងស្រ្តីនោះ បានយកខ្សែនីឡុងចង.កសម្លាប់ខ្លួនឯង នៅឆ្វៀនលើផ្ទះស្លាប់បាត់បង់ជីវិតតែម្តង។ សាកសពបន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានធ្វើការ ត្រួតពិនិត្យរួច បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕






ប្រភពមកពីៈ កោះសន្ដិភាព

Thursday, November 28, 2013

MY Photo


Wednesday, November 6, 2013

កម្មសិក្សានៅស្ថានីយ៍វិទ្យុ៩ មករា

នៅថ្ងៃទី 0៥ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ក្រុមនិសិ្សតសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ និងខេត្ត កែបនៃផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន បានចុះទៅធ្វើកម្មសិក្សានៅស្ថានីយ៍វិទ្យុ ៩ មករា FM ៩៩.៧០ MHzនៃខេត្តកំពត ដែលមានរយៈពេល ១ម៉ោងពេញ គឺចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១០:០០ ក្នុងការធ្វើបទសម្ភាសន៍ ក៏ដូចជាសាកសួរព័ត៌មានដែលទាក់ទងទៅនិងស្ថានីយ៍វិទ្យុ ផ្ទាល់តែម្ដង។ លោក អ៊ុក សំណាង ដែលជាប្រធានគ្រប់គ្រង់ស្ថានីយ៍វិទ្យុ ៩ មករា FM ៩៩.៧០ MHzគាត់បាននិយាយថា ស្ថានីយ៍វិទ្យុនេះបង្កើតឡើងដំបូងនៅថ្ងៃទី ២០ ខែ មិថុនាឆ្នាំ២០០៨ ហើយត្រូវបានសម្ភោធន៍ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២០ ខែ កក្ដដា ឆ្នាំ២០០៩ ក្នុងគោលបំណងចែកចាយនូវព័ត៌មាន ចំនេះដឹង ការអប់រំ និង ការកម្សាន្ដជួនដល់ប្រជាពលរដ្ឋបានដឹងបានលឺព័ត៌មានក្នុងស្រុក និងក្រៅស្រុក ហើយនិងមានគំរោងពង្រីកសាខារបស់ខ្លួនមួយកន្លែងទៀតនៅលើកំពូលភ្នំបូកគោ ។ ស្ថានីយ៍វិទ្យុ ៩ មករា FM ៩៩.៧០ MHz ចាប់ផ្ដើចាក់ផ្សាយចាប់ពីម៉ោង ៤:៤០ព្រឹក រហូតដល់ម៉ោង១១:០០យប់។ វិទ្យុនេះផងដែរ មានសាខា៤ខេត្ត គឺវិទ្យុជាតិចំការចេកខេត្តបាតដំបង FM ៩២.៧០ MHZ, វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម FM ៩២.៥០ MHZ , វិទ្យុ FMជាតិនគរភ្នំ ខេត្តសៀមរាប FM ១០២.៩០ MHZ ក្នុងចំណោមវិទ្យុទាំង៤ខេត្ដនេះ គឺមានតែខេត្តកំពតដែលមានប្រិយមិត្តចូលរូមស្ដាប់ច្រើនជាងគេ។













Saturday, November 2, 2013

ប៉ូលិសខណ្ឌសែនសុខ បង្រ្កាបមុខសញ្ញាក្រុមចោរប្លន់ ២នាក់ ដកហូតបានកាំភ្លើងខ្លី ១ដើម

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌសែនសុខ ដឹកនាំដោយ លោកវរសេនីយ៍ទោ ម៉ក់ ហុង អធិការខណ្ឌសែនសុខ នាំកម្លាំងល្បាតក្នុងមូលដ្ឋាន ប្រទះឃើញ​មុខ​សញ្ញា​​​​ក្រុម​ ចោរប្លន់ ២នាក់ បម្រុងធ្វើសកម្មភាព ក៏ចាប់ឃាត់ខ្លួនបានទាន់ពេលវេលាជាបន្តបន្ទាប់។ ប្រតិបត្តិការបង្រ្កាបក្រុមចោរប្លន់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​ ៩ និង ៣០នាទី យប់ថ្ងៃទី០២ វិច្ឆិកា ២០១៣ នៅចំណុចក្រុមទី២០ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យមានឈ្មោះ ទី១. ស្រ៊ី ពិទូ ហៅជូ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត រស់នៅឃុំជីនិច ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម និងទី២. រិន ឆឹង ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិ ឃុំជា មួយគ្នា។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានជិះល្បាតតាមបណ្តោយផ្លូវ២០០៤ ស្រាប់តែប្រទះឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ១គ្រឿង អត់ស្លាកលេខ បម្រុងធ្វើសកម្មភាពប្លន់ម៉ូតូ ១គ្រឿង ទើបសមត្ថកិច្ចធ្វើការដេញបង្រ្កាបចាប់បានជាបន្តបន្ទាប់ ដកហូតបានកាំភ្លើង ខ្លីម៉ាកK54 ១ដើម និងម៉ូតូធ្វើសកម្មភាព ១គ្រឿង។ តាមសម្លើយសារភាព ជនសង្ស័យបានឆ្លើយថា ខ្លួនពុំបានធ្វើសកម្មភាពប្លន់ម៉ូតូទេ តែបានសារភាពថាពួកគេបាន​​​​​​​​​​​​ ភ្លើងខ្លី ១ដើមនេះ ពីឈ្មោះ ខ្មៅ គោលបំណងយកទៅបាញ់សម្លាប់ឈ្មោះ រ៉ុង មុខរបរអ្នកលក់ទូរស័ព្ទនៅផ្សារទំនើបរតនាផ្លាហ្សា ហើយក៏ត្រូវសមត្ថកិច្ចបង្រ្កាបបាន តែម្តង។ បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ កំពុងធ្វើការសាកសួរបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

ប្រភពមកពី: កោះសន្ដិភាព

Thursday, October 31, 2013

ពិធីសម្ភោធន៍ មណ្ឌលយុវជន និងអាងទឹក

សាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប បានរៀបចំពិធីសម្ភោធន៏មណ្ឌលយុវជនលោកពុករួរ និងអាងហែលទឹក បើកអោយប្រើប្រាស់ជាផ្លូវការក្រោមអធិបតីយភាពលោក ថ្មីតអីស្ល៊ែរ អូលីវីយេ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៣។ សាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែបមានសេចក្ដីរីករាយសោមន្យជាខ្លាំងដែលបានរៀបចំពិធីសម្ភោធន៏ មណ្ឌលយុវជន និងអាងហែលទឹក ដែលមានការចូលរួម ពីសំនាក់លោកឪពុក ថ្មីតអីស្ល៊ែរ អូលីវីយេ លោកពុក ចន វ៉ីស័រ លោកពុក សំណាង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអ្នកស្ម័គ្រចិត្តមួយចំនួនទៀត។ ហើយលោកពុក ថ្មីតអីស្ល៊ែរ អូលីវីយេ បានសួរសុខទុក្ខដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប ព្រះសីហនុ ព្រមទាំងមានកាដូរមួយចំនួនជូនទៅដល់លោកគ្រូអ្នកគ្រូ និងសិស្សផងដែរ។ ជាបន្ដទៅទៀតសាលាមានការប្រកួតកីឡាបាល់ទាត់រវាងសិស្សច្បងនិងសិស្សប្អូន ព្រមទាំងមានការសំដែងក្បាច់រាំជាច្រើនគួរអោយចាប់អារម្មណ៍។






Thursday, September 12, 2013

សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ឃាត់ខ្លួនបុរសម្នាក់ពីបទរំលោភក្មេងស្រីអាយុ១១ឆ្នាំ

ដោយ ៖លក្ខិណា
 ថ្ងៃព្រហស្បត្ត៏ ទី១២ ខែកញ្ញា ឆ្នាំ២០១៣ ម៉ោង ១៤:៣០ ខេត្តប៉ៃលិន ៖ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាល ខេត្តបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភសេពសន្ថវៈលើកុមារី អាយុ១១ឆ្នាំ ចំនួន៦លើក តាមដីកាចាប់ខ្លួនលេខ២០៩ព.ស ចុះថ្ងៃទី១០ កញ្ញា ២០១៣ របស់លោកជុំ សែនសទ្ធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពី វេលាម៉ោង៩ និង១៥នាទីព្រឹក ថ្ងៃទី១២ កញ្ញា នៅផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិបុសស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ជនសង្ស័យឈ្មោះគិន ថាន ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែក ឃុំបាទី ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នរស់នៅក្បែរផ្ទះក្មេងស្រីរងគ្រោះ ចំណែកក្មេងស្រីរងគ្រោះឈ្មោះទ.ស.គ.ន អាយុ១១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេពិតជាបានរំលោភក្មេងស្រីរងគ្រោះចំនួន៦លើកពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិត ធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ប្រភពមកពីៈ កោះសន្ដិភាព

Saturday, August 24, 2013

បាញ់សម្លាប់បុរសម្នាក់ប្លន់យកម៉ូតូឌ្រីម ១គ្រឿង បានសម្រេចក្នុងក្រុងព្រះសីហនុ

សៅរ៍ ២៤ សីហា, ២០១៣ ម៉ោង ០៨:២០ ខេត្តព្រះសីហនុ ៖ មានករណីបាញ់សម្លាប់បុរសម្នាក់ ប្លន់យកម៉ូតូឌ្រីមស៊េរី០១៣ មួយគ្រឿងបានសម្រេច កាលពីវេលាម៉ោង ៨ និង ១៥នាទី យប់ថ្ងៃទី២៣ សីហា ២០១៣ នៅមុខសាលាបឋមសិក្សាផ្សារលើ ជាប់របងសាលាឯកជនសុវណ្ណភូមិ ស្ថិតក្នុងភូមិ២ ក្រុមទី៨ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈដែលបុរសរងគ្រោះជិះម៉ូតូចេញពីកន្លែងលក់ជ្រូកខ្វៃ ធ្វើដំណើរទៅផ្ទះ ។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ម៉េង អាយុ ៤៩ឆ្នាំ ត្រូវជនសង្ស័យបាញ់ចំនួន ២គ្រាប់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង និងបាត់បង់ទ្រព្យសម្បត្តិ ម៉ូតូឌ្រីម ១គ្រឿង ខ្សែក. ១ខ្សែ ចិញ្ចៀន ១វង់ ៕




ប្រភពមកពីៈ កោះសន្ដិភាព

Friday, August 23, 2013

ស្រវឹងស្រាជោកជាំជិះម៉ូតូលឿន ដល់ផ្លូវកែងពន្លះជាមួយគល់ស្វាយ របួសធ្ងន់សន្លប់ធំ

សៅរ៍ ២៤ សីហា, ២០១៣ ម៉ោង ០៨:២៧ ខេត្តប៉ៃលិន ៖ យុវជនម្នាក់ស្រវឹងស្រាជោកជាំ ជិះម៉ូតូលឿន លុះមកដល់ផ្លូវកែង ក៏ជ្រុលចង្កូតទៅបុកគល់ស្វាយ យ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសបាក់ដៃស្តាំ បាក់គល់ថ្គាម បែកក្បាលសន្លប់ធំនៅនឹងកន្លែង ត្រូវអ្នកជិតខាងឃើញ ទូរស័ព្ទហៅរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរ ពេទ្យឯកជន ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៥០នាទី រសៀលថ្ងៃទី២៣ សីហា ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចផ្លូវកែងវត្តអូរច្រា ក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។ ជនរងគ្រោះឈ្មោះ ណេន ផានិត ភេទប្រុស អាយុ ១៧ឆ្នាំ ជាកសិករ រស់នៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានខ្ចីម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ អត់ស្លាកលេខរបស់ឈ្មោះ សួន យីម ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិជាមួយគ្នា ម៉ូតូបានរងការខូចខាតយ៉ាងដំណំ ។ តាមសាក្សីបានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ ១គ្រឿង ជិះដោយយុវជនម្នាក់ស្ថិតក្នុងសភាពស្រវឹងស្រាជោក បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចផ្លូវកែងស្រាប់តែយុវជនម្នាក់នេះ បានរេចង្កូតទៅខាងស្តាំដៃ បណ្តាលឱ្យបុកដើមស្វាយយ៉ាងពេញទំហឹងនៅក្បែររបងវត្តអូរច្រា បណ្តាលឱ្យបោកក្បាលទៅនឹងគល់ស្វាយហូរឈាមជោគពេញដី និងបាក់ដៃស្តាំ បាក់គល់ថ្គាម សន្លប់ធំ ត្រូវអ្នកជិតខាងឃើញស្គាល់ ក៏ទូរស័ព្ទហៅរថយន្តសង្រ្គោះមកដឹកយកទៅមន្ទីរពេទ្យឯកជនក្រុង ប៉ៃលិន ។ លោកអនុសេនីយ៍ទោ ញ៉ិល ឃីម នាយផ្នែកចរាចរណ៍ក្រុងប៉ៃលិន បានប្រាប់ឱ្យដឹងតាមទូរស័ព្ទថា ជនរងគ្រោះម្នាក់នេះ ជិះម៉ូតូតែម្នាក់ឯង ហើយសេពគ្រឿងស្រវឹង និងបើកបរហួសល្បឿនកំណត់ទើបបណ្តាលឱ្យរងគ្រោះបែបនេះ ។ លោកបានបន្តថា ម៉ូតូដែលជនរងគ្រោះខ្ចីមិត្តភក្តិជិះទៅបុកដើមស្វាយនោះ ត្រូវសមត្ថកិច្ចប្រគល់ជូនម្ចាស់វិញ ដើម្បីយកទៅជួសជុល រីឯជនរងគ្រោះពេលដឹកទៅដល់មន្ទីរពេទ្យឯកជនឈ្មោះ មន្ទីរសម្រាកព្យាបាលខេមរៈ ទើបដឹងខ្លួនឡើងវិញ ៕







ប្រភពមកពីៈ​ កោះសន្ដិភាព

Wednesday, August 14, 2013

យុវជនម្នាក់លោតសម្លាប់ខ្លួនពីលើស្ពានព្រះមុន្នីវង្សថ្មីដោយមិនដឹងមូលហេតុ

ថ្ងៃព្រហស្បត្ត៏ ទី១៥ ខែសីហា ឆ្នាំ២០១៣ ម៉ោង 12:55 PM រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានលោតសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៤ សីហា ២០១៣។ យុវជនខាងលើមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយមុនពេលកើតហេតុគេឃើញយុវជនរូបនេះជិះកង់ឡើងស្ពានពីកើតទៅលិចដោយទឹកមុខក្រៀមក្រំយ៉ាងខ្លាំង លុះធ្វើដំណើរដល់ពាក់កណ្តាលស្ពានបានឈប់កង់ ហើយលើកកង់ទម្លាក់ទៅក្នុងទន្លេ រួចលោតសម្លាប់ខ្លួនទៅតាមក្រោយលិចបាត់តែម្តង។


ប្រភពមកពីៈ  កោះសន្ដិភាព

ហ៊ីយ៉ាន់ដាយដឹកដីបើកបុករនាំងដែកចែកផ្លូវបាក់៧ផ្ទាំងមុខផ្សារទឹកថ្លា

ថ្ងៃព្រហស្បត្ត៏ ទី១៥ ខែសីហា ឆ្នាំ២០១៣ ម៉ោង 10:47 រាជធានីភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយដឹកដីមួយគ្រឿងបើកបុករនាំងដែកចែកផ្លូវមុខផ្សារទឹកថ្លាបាក់អស់៧ផ្ទាំង កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១៥ សីហា ២០១៣ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សាក្សីឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកដីម៉ាកហ៊ីយ៉ាន់ដាយ បើកតាមផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិច លុះដល់មុខផ្សារទឹកថ្លា ដោយសាររថយន្តនៅខាងមុខជាន់ហ្វ្រាំងប្រថុចញ៉ុចពេក ធ្វើឱ្យរថយន្តដឹកដីបួងចង្កូតមិនទាន់ក៏ជ្រុលបុកបាក់រនាំងដែកចែកផ្លូវតែម្តង ៕


ប្រភពមកពីៈ កោះសន្ដិភាព

ជិះគោយន្តជាន់មីនតោនផ្ទុះស្លាប់៦នាក់ របួសធ្ងន់ម្នាក់នៅស្រុកជាំក្សាន្ត

ថ្ងៃព្រហស្បត្ត៏ ទី១៥ ខែសីហា ឆ្នាំ២០១៣ ម៉ោង 10:47 ខេត្តព្រះវិហារ ៖ បុរស៦នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរបួសធ្ងន់ ខណៈពួកគេជិះគោយន្តត្រឡប់ពីស្រែចម្ងាយពីភូមិ៥គីឡូម៉ែត្រ បានជួបឧប្បត្តិហេតុជាន់មីនតោនដែលបន្សល់ទុកពីសម័យសង្គ្រាម បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៤ សីហា ២០១៣ ស្ថិតក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ។ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណសពជនរងគ្រោះទាំង៦នាក់ និងអ្នករងរបួសនៅឡើយទេ ។ តាមការបញ្ជាក់ពីលោកសុខ ហៃ អភិបាលស្រុកជាំក្សាន្តបានឱ្យដឹងថា ឧប្បត្តិហេតុនេះកើតឡើងដោយចៃដន្យ ដោយសារនៅតំបន់នោះជាអតីតតំបន់សមរភូមិសង្គ្រាម។ លោកបានបន្តទៀតថា សពជនរងគ្រោះទាំង៦នាក់នោះត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋានរៀងៗខ្លួន ចំណែកអ្នករងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លោកអភិបាលស្រុកជាំក្សាន្តបានបន្ថែមថា នៅថ្ងៃទី១៦ សីហា ២០១៣ស្អែកនេះ លោកអភិបាលខេត្តព្រះវិហារនឹងនាំយកអំណោយកាកបាទក្រហមកម្ពុជាទៅចែកជូនគ្រួសារជនរងគ្រោះទាំង៦នាក់ និងអ្នករងរបួសធ្ងន់ដល់លំនៅឋាន៕
ប្រភពមកពីៈ កោះសន្ដិភាព

Sunday, August 11, 2013

ប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ វេលាម៉ោង៩ព្រឹកនេះ

រាជធានីភ្នំពេញ ៖ លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រាប់ឱ្យដឹង នៅរសៀលថ្ងៃទី១១ សីហា ២០១៣ ថា នៅវេលាព្រឹកម៉ោង៩ ថ្ងៃទី១២ សីហា ២០១៣ នឹងធ្វើការប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៅទីស្នាក់ការកណ្តាលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ ការប្រកាសលទ្ធផលនេះ នឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) ៕ ប្រភពមកពី កោះសន្ដិភាព

Wednesday, August 7, 2013

ស្ត្រី២នាក់ ម្នាក់ប្រចណ្ឌប្តី ម្នាក់សង្សារបែកចិត្ត លេបថ្នាំប៉ងធ្វើអត្តឃាតក្នុងថ្ងៃតែមួយ

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដោយសារប្រចណ្ឌប្តីបានលេបថ្នាំប៉ារ៉ាសេតាមុលអស់៥បន្ទះស្មើនឹង៥០គ្រាប់ប៉ងធ្វើអត្តឃាត តែមិនបានសម្រេច ហើយត្រូវក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៧ សីហា នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ បើតាមបុរសជាប្តីបានឱ្យដឹងថា រូបគេជាជាងសំណង់ និងជាងពិតានតាមរោងចក្រ មានប្រពន្ធឈ្មោះស្រី រ័ត្ន អាយុ១៩ឆ្នាំ ។ គាត់បន្តថា ឆ្លៀតពេលទំនេរពីការងារនៅពេលល្ងាចគាត់បានទៅរៀនភាសាចិនដើម្បីងាយស្រួលនិយាយជាមួយជនជាតិចិនជាថៅកែរោងចក្រ ដោយទើបតែទៅរៀនបានរយៈពេល២០ថ្ងៃប៉ុណ្ណោះ គឺរៀនរយៈពេល២ទៅ៣ម៉ោង ប៉ុន្តែប្រពន្ធមិនជឿថាគាត់ទៅរៀនចិនទេ បែរជាប្រចណ្ឌថារូបគាត់មានស្រីនៅខាងក្រៅទៅវិញ ទើបនៅថ្ងៃកើតហេតុនាងបានផឹកថ្នាំប៉ារ៉ាសេតាមុលអស់៥បន្ទះរហូតសន្លប់ស្តូកស្តឹង ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យលាងក្រពះជម្រះជាតិពុលបានធូរស្រាលឡើងវិញ។ ដោយឡែកស្ត្រីម្នាក់ទៀតដោយខូចចិត្តនឹងសង្សារក្បត់ចិត្តបានលេបថ្នាំប៉ារ៉ាសេតាមុលអស់២បន្ទះ ស្មើនឹង២០គ្រាប់ប៉ងធ្វើអត្តឃាត តែមិនបានសម្រេចកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី៧ សីហា នៅបន្ទប់ជួលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ នារីរូបនេះត្រូវបានគេស្គាល់ឈ្មោះជាង ហ៊ឹម អាយុ២៣ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរនៅម្តុំស្ទឹងមានជ័យ មានស្រុកកំណើតនៅខេត្តកំពង់ធំ ស្នាក់នៅបន្ទប់ជួលខាងលើ។ តាមការបង្ហើបឱ្យដឹងពីសាច់ញាតិថា មូលហេតុដែលបណ្តាលឱ្យនាងលេបថ្នាំសម្លាប់ខ្លួននេះដោយសារខូចចិត្តនឹងសង្សារបែកចិត្តទៅមានស្រីថ្មី។


ប្រភពមកពីៈ កោះសន្ដិភាព

Tuesday, August 6, 2013

គន្លឹះសំខាន់អំពីការសម្ភាសការងារ!

បទសម្ភាសអាចជាដំណាក់កាលទីពីរក្នុងការស្វែងរកការងារ បន្ទាប់ពីអ្នកត្រូវបានជម្រុះដោយការពិនិត្យមើលប្រវត្តិរូបសង្ខេប (CV) ជាមួយបេក្ខជនដទៃរួចហើយនោះ។ ចំពោះអ្នកធ្លាប់ ឆ្លងកាត់ការសម្ភាសច្រើនដង គេអាចប្រមូលអារម្មណ៍បានល្អ ក្នុងការឆ្លើយសំណួរទាំងឡាយឲ្យបានត្រឹមត្រូវ។ ដោយឡែក ប្រសិនបើអ្នកមិនធ្លាប់ទទួលបានការសម្ភាសពីមុនមក ការគ្រប់គ្រងអារម្មណ៍ និងការត្រៀមខ្លួនឲ្យបានត្រឹមត្រូវ ជារឿងដែលមិនអាចមើលរំលង។ ខាងក្រោមនេះ ជាអ្វីដែលអ្នកគួរយល់ដឹង មុន អំឡុង និងក្រោយពេលសម្ភាស។

មុនពេលសម្ភាស
  • ត្រូវឲ្យច្បាស់ថារាល់ព័ត៌មាននៅក្នុង CV របស់អ្នកបានកែសម្រួលជាមួយព័ត៌មានថ្មីៗអំពីអ្នក
  • អ្នកត្រូវសិក្សាពីប្រវត្តិខ្លះៗរបស់ក្រុមហ៊ុនដែលអ្នកដាក់ពាក្យ
  • ត្រៀមសំណួរមួយចំនួនដែលទាក់ទងនឹងការងារ និងក្រុមហ៊ុនដែលអ្នកដាក់ពាក្យសម្រាប់សួរនៅក្នុងកិច្ចសម្ភាស
  • អនុវត្តនិយាយឲ្យបានច្បាស់ និងមានអំណះអំណាងត្រឹមត្រូវពាក់ព័ន្ធនឹងការសិក្សា និងប្រវត្តិការងាររបស់អ្នក
  • អនុវត្តស្លៀកពាក់ឲ្យបានសមរម្យ និងត្រឹមត្រូវតាមប្រភេទការងារដែលអ្នកចង់ធ្វើ
  • ហាត់សមឲ្យបានច្រើនមុនពេលសម្ភាសដោយនិយាយជាមួយខ្លួនឯងក្នុងកញ្ចក់ជាដើម
  • ត្រូវទៅស្គាល់កន្លែងសម្ភាសឲ្យហើយ ដើម្បីជៀសវាងទៅដល់យឺតពេលនៅថ្ងៃសម្ភាសដោយមិនស្គាល់ទីតាំង
  • គេងឲ្យបានគ្រប់គ្រាន់មុនថ្ងៃសម្ភាសមួយថ្ងៃ
    ថ្ងៃសម្ភាស
  • ស្រស់ស្រូបអាហារសម្រន់បន្តិចមុនទៅសម្ភាស
  • មិនត្រូវបាញ់ទឹកអប់ដែលមានក្លិនខ្លាំងពេកនោះទេ
  • ចេញដំណើរឲ្យបានមុនម៉ោងបន្តិចដើម្បីជៀសវាងការយឺតយ៉ាវ
    អំឡុងពេលសម្ភាស
  • បិទទូរស័ព្ទ ឬដាក់ញ័រ
  • មិនត្រូវទំពាស្ករកៅស៊ូនោះទេ
  • ជម្រាបសួរ ឬចាប់ដៃអ្នកធ្វើសម្ភាសដោយស្នាមញញឹម និងភាពម៉ត់ចត់
  • ស្ដាប់សំណួរឲ្យបានច្បាស់ឆ្លើយឲ្យចំសំណួរតាមការចង់បាន មិនវែងពេក មិនខ្លីពេក និងសម្លឹងកែវភ្នែកអ្នកដែលសួរសំណួរមកអ្នករាល់ពេលឆ្លើយសំណួរ
  • សម្ដែងចំណាប់អារម្មណ៍លើមុខដំណែងរបស់អ្នក
  • ជៀសវាងការប្រើកាយវិការឆ្ការដៃ ឆ្ការជើងហួសហេតុ
  • ជៀសវាងការនិយាយកាត់សម្ដីអ្នកធ្វើសម្ភាស
  • មិនត្រូវផ្ដោតសំខាន់លើរឿងប្រាក់ខែពេកទេ
  • ត្រូវកត់ត្រារាល់សំណួរដែលអ្នកបានសួរទៅអ្នកធ្វើសម្ភាស
  • នៅចុងបញ្ចប់ត្រូវចាប់ដៃ ឬជម្រាបលាញញឹម និងសម្ដែងពីចំណាប់អារម្មណ៍របស់អ្នកដោយនិយាយនូវពាក្យដូចជា “ខ្ញុំសង្ឃឹមថានឹងមានឱកាសបានធ្វើការរួមគ្នានៅពេលឆាប់ៗជាមួយ អ្នក” ជាដើមបន្ទាប់ពីការសម្ភាស
  • អ្នកអាចផ្ញើ អ៊ីមែល ថ្លែងអំណរគុណអ្នកធ្វើសម្ភាស និងបញ្ជាក់ជំនឿចិត្តរបស់អ្នក នេះគ្រាន់ជា គន្លឹះមួយចំនួនប៉ុណ្ណោះ សង្ឃឹមថា ប្រិយមិត្តទទួលបានជោគជ័យលើការទទួលបានការងារ៕

វីធីបំបាត់ភាពងោកងុយ ក្នុងពេលធ្វើការ

អ្នកដែលមានអារម្មណ៍ងោកងុយ នៅពេលរសៀល ភាគច្រើនតែងតែពឹងផ្អែកលើ កាហ្វេ។ ប៉ុន្តែ អ្នកដឹងរួចមកហើយថា បើទទួលទានកាហ្វេញឹកញាប់ នឹងមិនល្អចំពោះ សុខភាពទេ។ ដូច្នេះ គួរងាកមកប្រើជម្រើសផ្សេង ដែលមានប្រយោជន៍ជាងនេះ ដូចជា ៖ បន្លែ ផ្លែឈើ ដែលមានវីតាមីន C ៖ ដូចជា ត្របែក ក្រូច ពេលរាងកាយអស់- កម្លាំង ប្រយោជន៍ពីវីតាមីន ជ នឹងជួយប្រឆាំងភាពតានតឹង និងទុក្ខកង្វល់បាន។ ផ្លែឈើដែលមានជាតិក្រូមីញ៉ូម ៖ ដើម្បី ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និងបង្កើន ថាមពលដល់រាងកាយ ដែលអាចជួយបន្ថយ ភាពងោកងុយបានយ៉ាងល្អ ដូចជា ផ្លែប៉ោម ចេក ជាដើម។ ជាពិសេស ផ្លែប៉ោម មានជាតិស្ករម៉ូ- លេគុលទោលច្រើន ជួយជំរុញភាពស្រស់ស្រាយ ដល់រាងកាយ ថែមទាំងងាយស្រួលរំលាយ ទើប រាងកាយអាចទាញយកថាមពលទៅប្រើប្រាស់ បានភ្លាមៗ និងពុំមានគ្រោះថ្នាក់ចំពោះរាងកាយ។ អ្នកអាចទទួលទានផ្លែប៉ោម ជំនួសកាហ្វេ នៅពេលព្រឹក បាន។ ធញ្ញជាតិ ៖ ដូចជា សណ្តែក ល្ង អង្ករសំរូប អាចជួយបំប៉នសរសៃប្រសាទ និង ធ្វើឱ្យស្រស់ថ្លាបាន។ អាហារប្រភេទនេះ សម្បូរដោយប៉ូតាសស្យូម និងម៉ាញេស្យូម។ ក្រៅពីនេះ ក៏ជាប្រភពផ្តល់ជាតិប្រូតេអ៊ីន បង្កើនថាមពលដល់រាងកាយផងដែរ។ អូមេហ្គា-៣ ជាតិខ្លាញ់ពីត្រី ៖ សារធាតុប្រភេទនេះ នឹងជួយឱ្យមានសមាធិប្រសើរ ឡើង និងមានការចងចាំបានល្អ៕

Sunday, August 4, 2013

រូបភាព


ស្ត្រីម្នាក់ត្រូវប្តីវាយឱ្យសន្លប់ដេកក្បែររថយន្តដែលគេចតចូលហាងកាហ្វេ

ស្ត្រីចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញដេកសន្លប់នៅលើចិញ្ចើមផ្លូវមុខរថយន្តកាមរីដែលម្ចាស់គេចតចូលហូបកាហ្វេកាលពីវេលាម៉ោង៧ និង៤៥នាទីព្រឹកថ្ងៃទី៥ សីហា ២០១៣ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ។ ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះមីង ស៊ី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ។ ស្ត្រីរូបនោះពុំបានប្រាប់ពីមូលហេតុអ្វីនោះទេ គ្រាន់តែប្រាប់សមត្ថកិច្ចថា អ្នកដែលបង្កឱ្យរូបគាត់ដួលសន្លប់នោះ គឺជាប្តីហេងស៊យរបស់គាត់ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតេហតុ គេឃើញបុរសម្នាក់ស្លៀកខោខ្លី ពាក់អាវយឺតបានបណ្តើរគ្នាជាមួយស្ត្រីរងគ្រោះដែលគេសន្និដ្ឋានថា ជាប្តីប្រពន្ធនឹងគ្នា លុះបណ្តើរគ្នាមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែបានប្រតាយប្រតប់គ្នា ហើយបុរសនោះបានដាល់ស្ត្រីរូបនោះចំៗកន្លែងសៀតផ្កា២-៣ដៃ រួចស្ត្រីរូបនោះបានដួលសន្លប់នៅមុខរថយន្តដែលគេចតលើចិញ្ចើមផ្លូវ ។ចំណែកបុរសនោះ ក្រោយពីវាយស្ត្រីរូបនោះដួលសន្លប់ហើយ ក៏រត់គេចខ្លួនទៅទិសខាងលិចបាត់ទៅ ៕



ប្រភពមកពីៈ កោះសន្ដិភាព





Thursday, August 1, 2013

អាជ្ញាធររាជធានីភ្នំពេញចុះបិទទ្វារទឹកនៅស្ថានីយចតុមុខជាប់មាត់ទន្លេ ខណៈកំពស់ទឹកឡើងដល់ចំណុចដែលត្រូវបិទ

អាជ្ញាធររាជធានីភ្នំពេញបានចុះបិទទ្វារទឹកនៅស្ថានីយចតុមុខជាប់មាត់ទន្លេ កាលពីព្រឹក ថ្ងៃទី២ សីហា ២០១៣នេះ ខណៈដែលកំពស់ទឹកឡើងដល់ចំណុចដែលត្រូវបិទ។ ការចុះបិទនេះដឹកនាំដោយលោកជ្រាង សុផាន់ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីអង្គភាពលូទឹកនៃមន្ទីរសាធារណការរាជធានី។ មន្ត្រីផ្នែកលូទឹកបាននិយាយថា មកដល់ពេលនេះកំពស់ទឹកនៅទន្លេចតុមុខ គឺស្ថិតនៅកំពស់៧,៥២ម៉ែត្រ តែបើសិនឡើងដល់កំពស់៧,៥៥ម៉ែត្រទ្វារទឹកដែលស្ថិតនៅតាមដងទន្លេនឹងត្រូវបិទតែម្តង។ មន្ត្រីផ្នែកលូទឹកបានបន្តថា ទ្វារទឹកនៅតាមជួរមាត់ទន្លេទាំងអស់មាន១១ទ្វារទឹក ហើយនៅពេលនេះសាលារាជធានីបិទបាន២ហើយ គឺទ្វារទឹកស្វាយប៉ាក និងចតុមុខ។ មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យដឹងផងដែរថា កំពស់ទឹកនៅមិនទាន់ដល់ចំណុចប្រកាសអាសន្ននៅឡើយទេ ប៉ុន្តែសាលារាជធានីចាំបាច់ត្រូវបិទទ្វារទឹក២ដើម្បីការពារកុំឱ្យទឹកចូលពីទន្លេតាមប្រព័ន្ធលូហូរចូលរាជធានីភ្នំពេញ ហើយបើសិនជាមានទឹកឡើង គឺត្រូវតែបូមចេញវិញ៕


ប្រភពមកពីៈ​ កោះសន្ដិភាព

Tuesday, July 30, 2013

សារចុះថ្ងៃទី៣០ កក្កដា ២០១៣ របស់លោកស៊ូរ៉ាពង្ស តូវិចាក់ឆៃគុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ ជូន

លោកហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។


ប្រភពមកពីៈ កោះសន្ដិភាព

អ្នកសង្កេតការណ៍អន្តរជាតិវាយតម្លៃជុំវិញការបោះឆ្នោតនៅកម្ពុជា

ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៥ កាលពីថ្ងៃទី២៨ កក្កដា ត្រូវបានក្រុមអ្នកសង្កេតការណ៍វាយតម្លៃជាបន្តបន្ទាប់ទៅតាមប្រតិភូនីមួយៗពីដំណើរការបោះឆ្នោតនៅកម្ពុជា ។ នៅក្រោយការបោះឆ្នោត ប្រតិភូ ICAPP និង CAPDI បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈនៅថ្ងៃទី៣០ កក្កដាថា តាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) របស់កម្ពុជា គណៈប្រតិភូចម្រុះមួយជាតំណាងនៃសន្និសីទអន្តរជាតិរបស់គណបក្សនយោបាយនៅអាស៊ី (ICAPP) និងចលនាអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក (CAPDI) ដឹកនាំដោយលោក Jose de Venecia អតីតប្រធានរដ្ឋសភាហ្វ៊ីលីពីន និងជាប្រធានស្ថាប័ន CAPDI លោក Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ី បានអញ្ជើញមកដល់ប្រទេសកម្ពុជា ក្នុងគោលបំណងសង្កេតការណ៍បោះឆ្នោត និងត្រួតពិនិត្យដំណើរការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ។ ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា គណៈប្រតិភូបានជួបថ្នាក់ដឹកនាំគណបក្សនយោបាយធំៗទាំងបីរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សហ្វុ៊នសិុនបិុច ។ គណៈប្រតិភូក៏បានទទួលព័ត៌មានពិស្តារពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្តីពីការងារ អំណាច និងតួនាទីរបស់ខ្លួន ព្រមទាំងអំពីរបៀបរៀបចំការបោះឆ្នោតឱ្យបានល្អបំផុត។ នៅថ្ងៃបោះឆ្នោត គណៈប្រតិភូបានទស្សនាមណ្ឌលបោះឆ្នោតលើសពី១២កន្លែង ដែលដំណើរទស្សនកិច្ចខ្លះត្រូវបានរៀបចំទុកជាមុន និងខ្លះទៀតធ្វើដោយឥតព្រៀងទុកនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្ត ទាំងមុននិងអំឡុងពេលដំណើរការបោះឆ្នោត ក៏ដូចជាការពិនិត្យមើលការរាប់សន្លឹកឆ្នោត បន្ទាប់ពីបញ្ចប់ការបោះឆ្នោត ។ ស្ថាប័ន ICAPP និង CAPDI ចាត់ទុកការបោះឆ្នោតនៅកម្ពុជាថា ជាជ័យជម្នះនៃឆន្ទៈរបស់ប្រជាពលរដ្ឋ និងជាជ័យជម្នះរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការស្វែងរកនូវការកសាងអនាគតរបស់ពួកគេឱ្យកាន់តែល្អប្រសើរឡើង ដោយផ្អែកទៅលើឧត្តមភាព និងភាពមិនអាចរំលោភបាននៃសន្លឹកឆ្នោត ។ ការបោះឆ្នោតនេះគឺសេរី យុត្តិធម៌ និងមានតម្លាភាព ហើយជាពិសេសបានប្រព្រឹត្តទៅដោយសុខសន្តិភាព គ្មានអំពើហិង្សា និងដោយរលូន ដែលជាសក្ខីកម្មចំពោះការពិតថា ប្រជាធិបតេយ្យនៅកម្ពុជា មិនត្រឹមតែមានភាពចាស់ទុំប៉ុណ្ណោះទេ ក៏ប៉ុន្តែនយោបាយក៏មានភាពចាស់ទុំផងដែរ ។ យើងសូមសម្តែងនូវការអបអរសាទរអស់ពីដួងចិត្តចំពោះប្រជាពលរដ្ឋ គណបក្សនយោបាយទាំងឡាយ មេដឹកនាំ សារព័ត៌មាន សង្គមស៊ីវិល និង គ.ជ.ប របស់កម្ពុជាចំពោះជោគជ័យ និងការប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់នៃការបោះឆ្នោតជាសកលនេះ ។ នេះគឺជាការបោះឆ្នោតមួយដោយគ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់ ក៏ប៉ុន្តែគឺជាជ័យជម្នះនៃប្រជាធិបតេយ្យប្រកបដោយការសាទរ ការសប្បាយរីករាយ ការចូលរួមយ៉ាងសកម្ម និងការរំភើបរីករាយរបស់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យដែលបានបង្ហាញថា លទ្ធិប្រជាធិបតេយ្យ ជាការពិតគឺជាជោគវាសនារបស់ប្រទេសកម្ពុជា។ ក្នុងស្មារតីនេះ យើងសូមស្វាគមន៍ចំពោះការអំពាវនាវប្រកបដោយស្មារតីស្នេហាជាតិរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ដើម្បី «សន្តិភាព និងការបង្រួបបង្រួម» ហើយគិតថា ពេលនេះជាពេលវេលាដ៏ត្រឹមត្រូវ និងចាំបាច់បំផុត ។ ស្ថាប័ន ICAPP និង CAPDI ដែលតំណាងឱ្យគណបក្សនយោបាយចំនួនជាង៣៤០ មកពីតំបន់អាស៊ី និងសង្គមស៊ីវិល ហើយនិងមេដឹកនាំជាច្រើនផ្សេងៗទៀតរបស់ពិភពលោក សូមជំរុញឱ្យគណបក្សនយោបាយរបស់កម្ពុជាទាំងអស់ គោរពតាមអាណត្តិរបស់ខ្លួន ដែលត្រូវបានផ្តល់ឱ្យដោយប្រជាជនកម្ពុជា ហើយសូមក្រោកឡើងឱ្យទាន់ឱកាស និងសូមបំពេញនូវសេចក្តីសង្ឃឹមរបស់អ្នកបោះឆ្នោត ដោយផ្តល់ដល់កម្ពុជានូវការផ្សះផ្សាមួយប្រហែលជាតាមរយៈសមភាពមួយដែលជាស្ថាប័នឈ្នះ-ឈ្នះសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា ។ កម្ពុជាទទួលបាននូវមរតកអរិយធម៌ដ៏រុងរឿងមួយ ហើយប្រវត្តិសាស្ត្ររបស់ខ្លួនបានជួបប្រទះនូវអតីតកាលមួយមិនទៀងទាត់ និងលំបាកវេទនា ដែលប្រជាពលរដ្ឋកម្ពុជាបានសម្រេចចិត្តទប់ស្កាត់មិនឱ្យកើតមានម្តងទៀតបានឡើយ ។ អនាគតនៃកម្ពុជានឹងបានប្រសើរឡើង ដោយសារដំណើរការបង្រួបបង្រួមបែបនេះ ដរាបណាមានការលើកកម្ពស់ ការអត់ឱន ភាពសុខដុមរមនា វឌ្ឍនភាព និងសន្តិសហវិជ្ជមាន។ ស្ថាប័ន ICAPP និង CAPDI មានឆន្ទៈយ៉ាងខ្លាំងដើម្បីគាំទ្រដំណើរការជំរុញឱ្យមានសន្តិភាព ការផ្សះផ្សាជាតិ លទ្ធិប្រជាធិបតេយ្យ និងបង្រួបបង្រួមនៅក្នុងប្រទេសកម្ពុជា ៕

ប្រភពមកពីៈ កោះសន្ដិភាព

ស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គ ចាប់ពីថ្ងៃ31 កក្កដា ដល់5 សីហា

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី៣០ កក្កដា បានប្រកាសឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅថ្ងៃទី៣១ កក្កដា នឹងមានកូនព្យុះមួយបង្កឱ្យមានពពកច្រើនដេរដាស និងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើននៅតំបន់មាត់សមុទ្រនិងតំបន់ខ្ពង់រាប និងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរនៅតំបន់ទំនាបកណ្តាល ។ ចំណែករលកសមុទ្រមានកម្ពស់១,៥០ម៉ែត្រទៅ២,៥០ម៉ែត្រ ។ រីឯស្ថានភាពទឹកជំនន់នៅតំបន់ទន្លេមេគង្គលើ រួមមាន ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ទឹកទន្លេមេគង្គអាចហក់ឡើងដល់កម្ពស់ប្រុងប្រយ័ត្ន ។ ខាងក្រោមនេះ ជាការថតចម្លងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី លឹម គានហោ ៕

ប្រភពមកពីៈ កោះសន្ដិភាព

Tuesday, July 16, 2013

រដូវវស្សាភ្ញៀវទេសចរបន្តទៅកម្សាន្តរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ

ខេត្តព្រះវិហារ ៖ ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនបន្តទៅកម្សាន្តរមណីយដ្ឋានវប្បធ៌មប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ ដែលជាកេរមរតកបន្សល់ទុកពីស្នាដៃស្ថាបត្យកម្មខ្មែរសម័យដើម ហើយបើទោះបីរដូវនេះជារដូវវស្សាភ្លៀងធ្លាក់ខ្លាំងក៏ដោយ គេសង្កេតឃើញភ្ញៀវទេសចរ នៅតែបន្តនាំគ្នាធ្វើដំណើរទៅកម្សាន្តជាហូហែរមិនដាច់ជារៀងរាល់ថ្ងៃ ។ បើតាមមន្ត្រីផ្នែកព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារប្រចាំទីនោះឱ្យដឹងថា ការដែលភ្ញៀវទេសចរធ្វើដំណើរមកកម្សាន្តរមណីយដ្ឋានវប្បធ៌មប្រវត្តិសាស្រ្តប្រាសាទព្រះវិហារច្រើនមិនដាច់បែបនេះ ដោយសារតែតំបន់នោះសព្វថ្ងៃមានសភាពស្ងប់ស្ងាត់ មិនមានការប្រឈមមុខដាក់គ្នា រវាងកងទ័ពទាំង២ដូចប៉ុន្មានឆ្នាំនោះទេ ។ មន្ត្រីបន្តថា អាជ្ញាធរជាតិព្រះវិហារកំពុងតែជំរុញការអនុវត្តសកម្មភាពយ៉ាងសកម្ម ក្នុងការអភិរក្ស ថែទាំ និងការពារសម្បត្តិដ៏មហាសាលរបស់ខ្មែរឱ្យកាន់តែមានភាពប្រសើរឡើង ដើម្បីជាប្រយោជន៍ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តទីនេះកាន់តែច្រើន ៕










ប្រភពមកពី កោះសន្ដិភាព