សូមស្វាគមន៍

Tuesday, July 30, 2013

អ្នកសង្កេតការណ៍អន្តរជាតិវាយតម្លៃជុំវិញការបោះឆ្នោតនៅកម្ពុជា

ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៥ កាលពីថ្ងៃទី២៨ កក្កដា ត្រូវបានក្រុមអ្នកសង្កេតការណ៍វាយតម្លៃជាបន្តបន្ទាប់ទៅតាមប្រតិភូនីមួយៗពីដំណើរការបោះឆ្នោតនៅកម្ពុជា ។ នៅក្រោយការបោះឆ្នោត ប្រតិភូ ICAPP និង CAPDI បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈនៅថ្ងៃទី៣០ កក្កដាថា តាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) របស់កម្ពុជា គណៈប្រតិភូចម្រុះមួយជាតំណាងនៃសន្និសីទអន្តរជាតិរបស់គណបក្សនយោបាយនៅអាស៊ី (ICAPP) និងចលនាអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក (CAPDI) ដឹកនាំដោយលោក Jose de Venecia អតីតប្រធានរដ្ឋសភាហ្វ៊ីលីពីន និងជាប្រធានស្ថាប័ន CAPDI លោក Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ី បានអញ្ជើញមកដល់ប្រទេសកម្ពុជា ក្នុងគោលបំណងសង្កេតការណ៍បោះឆ្នោត និងត្រួតពិនិត្យដំណើរការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ។ ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា គណៈប្រតិភូបានជួបថ្នាក់ដឹកនាំគណបក្សនយោបាយធំៗទាំងបីរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សហ្វុ៊នសិុនបិុច ។ គណៈប្រតិភូក៏បានទទួលព័ត៌មានពិស្តារពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្តីពីការងារ អំណាច និងតួនាទីរបស់ខ្លួន ព្រមទាំងអំពីរបៀបរៀបចំការបោះឆ្នោតឱ្យបានល្អបំផុត។ នៅថ្ងៃបោះឆ្នោត គណៈប្រតិភូបានទស្សនាមណ្ឌលបោះឆ្នោតលើសពី១២កន្លែង ដែលដំណើរទស្សនកិច្ចខ្លះត្រូវបានរៀបចំទុកជាមុន និងខ្លះទៀតធ្វើដោយឥតព្រៀងទុកនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្ត ទាំងមុននិងអំឡុងពេលដំណើរការបោះឆ្នោត ក៏ដូចជាការពិនិត្យមើលការរាប់សន្លឹកឆ្នោត បន្ទាប់ពីបញ្ចប់ការបោះឆ្នោត ។ ស្ថាប័ន ICAPP និង CAPDI ចាត់ទុកការបោះឆ្នោតនៅកម្ពុជាថា ជាជ័យជម្នះនៃឆន្ទៈរបស់ប្រជាពលរដ្ឋ និងជាជ័យជម្នះរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការស្វែងរកនូវការកសាងអនាគតរបស់ពួកគេឱ្យកាន់តែល្អប្រសើរឡើង ដោយផ្អែកទៅលើឧត្តមភាព និងភាពមិនអាចរំលោភបាននៃសន្លឹកឆ្នោត ។ ការបោះឆ្នោតនេះគឺសេរី យុត្តិធម៌ និងមានតម្លាភាព ហើយជាពិសេសបានប្រព្រឹត្តទៅដោយសុខសន្តិភាព គ្មានអំពើហិង្សា និងដោយរលូន ដែលជាសក្ខីកម្មចំពោះការពិតថា ប្រជាធិបតេយ្យនៅកម្ពុជា មិនត្រឹមតែមានភាពចាស់ទុំប៉ុណ្ណោះទេ ក៏ប៉ុន្តែនយោបាយក៏មានភាពចាស់ទុំផងដែរ ។ យើងសូមសម្តែងនូវការអបអរសាទរអស់ពីដួងចិត្តចំពោះប្រជាពលរដ្ឋ គណបក្សនយោបាយទាំងឡាយ មេដឹកនាំ សារព័ត៌មាន សង្គមស៊ីវិល និង គ.ជ.ប របស់កម្ពុជាចំពោះជោគជ័យ និងការប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់នៃការបោះឆ្នោតជាសកលនេះ ។ នេះគឺជាការបោះឆ្នោតមួយដោយគ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់ ក៏ប៉ុន្តែគឺជាជ័យជម្នះនៃប្រជាធិបតេយ្យប្រកបដោយការសាទរ ការសប្បាយរីករាយ ការចូលរួមយ៉ាងសកម្ម និងការរំភើបរីករាយរបស់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យដែលបានបង្ហាញថា លទ្ធិប្រជាធិបតេយ្យ ជាការពិតគឺជាជោគវាសនារបស់ប្រទេសកម្ពុជា។ ក្នុងស្មារតីនេះ យើងសូមស្វាគមន៍ចំពោះការអំពាវនាវប្រកបដោយស្មារតីស្នេហាជាតិរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ដើម្បី «សន្តិភាព និងការបង្រួបបង្រួម» ហើយគិតថា ពេលនេះជាពេលវេលាដ៏ត្រឹមត្រូវ និងចាំបាច់បំផុត ។ ស្ថាប័ន ICAPP និង CAPDI ដែលតំណាងឱ្យគណបក្សនយោបាយចំនួនជាង៣៤០ មកពីតំបន់អាស៊ី និងសង្គមស៊ីវិល ហើយនិងមេដឹកនាំជាច្រើនផ្សេងៗទៀតរបស់ពិភពលោក សូមជំរុញឱ្យគណបក្សនយោបាយរបស់កម្ពុជាទាំងអស់ គោរពតាមអាណត្តិរបស់ខ្លួន ដែលត្រូវបានផ្តល់ឱ្យដោយប្រជាជនកម្ពុជា ហើយសូមក្រោកឡើងឱ្យទាន់ឱកាស និងសូមបំពេញនូវសេចក្តីសង្ឃឹមរបស់អ្នកបោះឆ្នោត ដោយផ្តល់ដល់កម្ពុជានូវការផ្សះផ្សាមួយប្រហែលជាតាមរយៈសមភាពមួយដែលជាស្ថាប័នឈ្នះ-ឈ្នះសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា ។ កម្ពុជាទទួលបាននូវមរតកអរិយធម៌ដ៏រុងរឿងមួយ ហើយប្រវត្តិសាស្ត្ររបស់ខ្លួនបានជួបប្រទះនូវអតីតកាលមួយមិនទៀងទាត់ និងលំបាកវេទនា ដែលប្រជាពលរដ្ឋកម្ពុជាបានសម្រេចចិត្តទប់ស្កាត់មិនឱ្យកើតមានម្តងទៀតបានឡើយ ។ អនាគតនៃកម្ពុជានឹងបានប្រសើរឡើង ដោយសារដំណើរការបង្រួបបង្រួមបែបនេះ ដរាបណាមានការលើកកម្ពស់ ការអត់ឱន ភាពសុខដុមរមនា វឌ្ឍនភាព និងសន្តិសហវិជ្ជមាន។ ស្ថាប័ន ICAPP និង CAPDI មានឆន្ទៈយ៉ាងខ្លាំងដើម្បីគាំទ្រដំណើរការជំរុញឱ្យមានសន្តិភាព ការផ្សះផ្សាជាតិ លទ្ធិប្រជាធិបតេយ្យ និងបង្រួបបង្រួមនៅក្នុងប្រទេសកម្ពុជា ៕

ប្រភពមកពីៈ កោះសន្ដិភាព

0 comments:

Post a Comment