សូមស្វាគមន៍

Thursday, July 4, 2013

តើហេតុអ្វីបានជាគេហៅថា«ខេត្ដក្រចេះ»?

«ក្រចេះ» គឺជាខេត្ដមួយរបស់ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ខាងជើងជាប់ខេត្ដស្ទឹងត្រែង ខាងកើតជាប់ខេត្ដមណ្ឌលគិរី ខាងត្បូងជាប់ខេត្ដកំពង់ចាម និងប្រទេសវៀតណាម និងប៉ែកខាងលិចជាប់ខេត្ដកំពង់ធំ ។ តើឈ្មោះ«ក្រចេះ» មានប្រវត្ដិយ៉ាងណា? ពាក្យថា«ក្រចេះ» តាមចាស់ព្រឹទ្ធាចារ្យក្នុងតំបន់ឱ្យដឹងថា ក្លាយពីភាសាបារាំងថា«GATILLE» (ហ្គាទីល) ដោយសារអ្នកបកប្រែភាសាបារាំងនិយាយពុំត្រឹមត្រូវតាមភាសាបារាំង ។ ពាក្យ«ហ្គាទីល»បានក្លាយទៅជា«ក្រចេះ» ។ មានរឿងមួយទៀតគឺពួកអាណានិគមបារាំងបានបញ្ជូនទ័ព និងចាត់លោក GATILLE(ហ្គាទីល)ឱ្យផ្គត់ផ្គង់សម្ភារ និងបោះទីតាំងនៅតំបន់ក្រុងក្រចេះសព្វថ្ងៃ ហើយហៅទីតាំងនោះថា CAMP LOGISTIQUE DE GATILLE ដើម្បីទប់ទល់នឹងការបះបោររបស់ជនជាតិដើមភាគតិច«ព្នង» ។ ដោយសារមានប្រវត្ដិបែបនេះហើយ នាំឱ្យគេយល់ថាឈ្មោះ «ក្រចេះ» ក្លាយមកពីឈ្មោះនាយទាហានបារាំងរូបនោះ ។ ដោយឡែកតាមចាស់ទុំមួយចំនួននិទានថា ខេត្ដក្រចេះ កាលពីសម័យដើមមានជនជាតិដើមភាគតិចជាច្រើនរស់នៅ ហើយមានច្រកមួយឈ្មោះច្រក«កំពង់ចម្លងក្រចេ(ក្របី)» របស់ជនជាតិស្ទៀងសំរាប់ឆ្លងពីក្រចេះទៅតំបន់ខាងលើនិងឆ្លងពីក្រចេះមកតំបន់ខាងក្រោម ។ តាមច្រកនោះពួកគេតែងតែផ្លាស់ប្ដូរទំនិញទៅវិញទៅមក។ យោងតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួន ណាត ទំព័រ៩៣០ ពាក្យស្ទៀង«ក្រចេ» មានន័យជាភាសាខ្មែរយើងថា «ក្របី» ដូច្នេះកំពង់ក្រចេ គឺកំពង់ក្របី ហើយបានក្លាយមកជា«ក្រចេះ» ។ យោងតាមប្រវត្ដិ «កំពង់ចម្លងក្របី» ឬ«កំពង់ក្រចេ» នោះ គេអាចសន្និដ្ឋានមួយបែបថា ជាប្រភពក្លាយមកជាឈ្មោះ «ខេត្តក្រចេះ» សព្វថ្ងៃនេះ ។ ចំពោះភាសាខ្មែរ ពាក្យ«ក្រចេះ» មានន័យថាឈ្មោះម្សៅក្រអូប គឺម្សៅក្រចេះ តែគ្មានអំណះអំណាងណាមួយថា មកពីខេត្ដក្រចេះសម្បូរ ម្សៅក្រចេះ ទើបគេដាក់ឈ្មោះថា «ខេត្ដក្រចេះ» នោះទេ ។ ដោយសារមានប្រវត្ដិនិទានផ្សេងៗគ្នា គេពុំអាចសន្និដ្ឋានបានថា ប្រវត្ដិនិទានណាមួយត្រឹមត្រូវទាក់ទិននឹងប្រវត្ដិឈ្មោះខេត្ដក្រចេះទេ ។ ម៉្យាងទៀតអាចមានប្រវត្ដិប្រាកដប្រជាណាផ្សេងទៀតដែលពុំបានដឹង ឬពុំទាន់ស្រាវជ្រាវរកឃើញទាក់ទិននឹងឈ្មោះ«ខេត្ដក្រចេះ» ៕


ផ្ដល់សិទ្ធិដោយ កោះសន្ដិភាព

0 comments:

Post a Comment