សូមស្វាគមន៍

Monday, July 8, 2013

ប្រារឰខួបឆ្នាំទី៥ ការចុះបញ្ជីប្រាសាទព្រះវិហារលើខ្នងភ្នំដងរែកជាបេតិកភណ្ឌពិភពលោក

អាជ្ញាធររាជធានីភ្នំពេញ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអាជ្ញាធរគ្រប់ខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្សទូទាំងរាជធានីភ្នំពេញប្រមាណជាង១២.០០០នាក់ បានធ្វើមហាមីទ្ទិញ មួយដើម្បីអបអរខួបឆ្នាំទី៥ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក កាលពីរសៀលថ្ងៃទី៧ កក្កដា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ។ មន្ដ្រីសាលារាជធានីភ្នំពេញបានឱ្យដឹងថា អាជ្ញាធរ និងប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ ធ្វើមហាមីទ្ទិញដ៏ធំមួយនេះឡើងគឺដើម្បីអបអរខួប៥ឆ្នាំនៃការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ។ សម្រាប់យើងជាកូនខ្មែរពិតជាមានមោទនភាពខ្លាំងណាស់ ដោយរាជរដ្ឋាភិបាលយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានខិតខំតស៊ូយ៉ាងស្វិតស្វាញ រហូតឈានដល់ទទួលបានជោគជ័យក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក និងជាការពុះពារជម្នះរាល់ការប៉ុនប៉ងរារាំងដោយក្រុមជ្រុលនិយមថៃ ដែលតែងតែចង់គ្រប់គ្រងលើប្រាសាទព្រះវិហារ ។ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី និងជាប្រធានគណៈកម្មការថ្នាក់រាជធានីភ្នំពេញរៀបចំអង្គមីទ្ទិញបានមានប្រសាសន៍ថា ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យើងបានរៀបចំមីទ្ទិញនេះឱ្យមានភាពអធិកអធមក្នុងអត្ថន័យ២គឺ ៖ ទី១-រំលឹកថ្ងៃដែលប្រាសាទព្រះវិហាររបស់យើងត្រូវបានចុះបញ្ជីជាសម្បត្ដិបេតិកភណ្ឌពិភពលោក ។ ទី២-ដើម្បីអបអរសាទរជោគជ័យនៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយដែលទើបនឹងបញ្ចប់ទៅកាលពីថ្ងៃទី២៧ មិថុនាកន្លងទៅថ្មីៗនេះ ។ លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ទៀតថា មីទ្ទិញនេះគឺជាការលើកកម្ពស់ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់វប្បធម៌ជាតិប្រកបដោយមោទនភាពជាតិ ពិសេសក្នុងស្រទាប់យុវជនយើងដែលជាទំពាំងស្នងឫស្សីឱ្យបានដឹង និងស្គាល់ពីប្រវត្ដិសាស្រ្ដរបស់ខ្លួន ។ យើងមិនចង់ឱ្យប្រទេសថៃ ឈឺចាប់ដោយក្ដីអាម៉ាស់ទេ តែយើងមិនធ្វើមិនបាន ។ ថៃគេធ្លាប់ធ្វើឱ្យយើងឈឺចាប់រាប់សតវត្សមកហើយរឿងប្រាសាទព្រះវិហាររបស់ខ្មែរនេះ ។ មីទ្ទិញអបអរសាទរការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌពិភពលោកនេះបានប្រារព្ធធ្វើចាប់ពីម៉ោង៣និង៣០នាទីរសៀលដល់ម៉ោង៩យប់ ដែលមានការថ្លែងសុន្ទរកថាដោយលោកឧបនាយករដ្ឋមន្ដ្រី សុខ អាន មានការប្រគំតន្ដ្រី សិល្បៈ ការច្រៀងបទពង្សាវតារខ្មែរ ការលើកទង់ជាតិ ទង់អង្គការ យូណេស្កូ និងបដាពាក្យស្លោកជាច្រើនទៀតក្នុងន័យអបអរ និងបង្ហាញឱ្យកូនខ្មែរគ្រប់រូបយល់ដឹងកាន់តែច្បាស់ពីសម្បត្ដិវប្បធម៌ជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលត្រូវរួមគ្នាថែរក្សាឱ្យបានគង់វង្សយូរអង្វែង និងពេលរាត្រីមានការបាញ់កាំជ្រួចផងដែរ ។ គួររំលឹកថា ប្រាសាទព្រះវិហាររបស់ខ្មែរត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃ៧ កក្កដា ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា រហូតមកដល់ពេលនេះមានរយៈពេល៥ឆ្នាំហើយ។ នៅក្នុងថ្ងៃជាប្រវត្ដិសាស្រ្ដនេះដែរ អាជ្ញាធរជាតិព្រះវិហារ បានប្រារព្ធពិធីខួបឆ្នាំទី៥នៃការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក នៅក្នុងបរិវេណសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ កាលពីព្រឹកថ្ងៃទី៧ កក្កដា ក្រោមអធិបតីភាពលោកនាយឧត្ដមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិព្រះវិហារ លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្ដព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់ជាតិប្រចាំតំបន់ប្រាសាទព្រះវិហារ កងកម្លាំងទាំង៣ប្រភេទ មន្ដ្រីរាជការជុំវិញខេត្ដ និងប្រជាពលរដ្ឋឃុំស្រឯម សរុបប្រមាណ១.៥០០នាក់ ។ នាឱកាសនោះ លោក អ៊ុំ ម៉ារ៉ា បានមានមតិចំណាប់អារម្មណ៍ទៅលើសារសំខាន់ក្នុងនាមអាជ្ញាធរខេត្ដព្រះវិហារ ចំពោះការប្រារព្ធពិធីខួបទី៥ ការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (ថ្ងៃ៧ កក្កដា ឆ្នាំ២០០៨ -៧ កក្កដា ឆ្នាំ២០១៣) ។ លោកអភិបាលខេត្ដ បានរំលឹកឡើងវិញនូវប្រវត្ដិកេរមរតករបស់ខ្មែរគឺប្រាសាទព្រះវិហារដែលស្ថិតនៅលើកំពូលភ្នំដងរែក ក្នុងអធិបតេយ្យភាពរបស់កម្ពុជា ។ ទោះជាយ៉ាងណា កូនខ្មែរគ្រប់ជំនាន់ត្រូវចេះថែរក្សាមរតកដែលមិនអាចកាត់ថ្លៃបាននេះឱ្យនៅឋិតថេរ គង់វង្សតទៅជារៀងរហូត ។ លោករដ្ឋលេខាធិការ ជុច ភឿន ថ្លែងថា ថ្ងៃទី៧ កក្កដា គឺជាទិវាប្រវត្ដិសាស្រ្ដក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលនេះជាមោទនភាពដ៏ធំធេងសម្រាប់ប្រទេសកម្ពុជា ។ លោកនាយឧត្ដមសេនីយ៍ មាស សុភា បានមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីថា ការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់កម្ពុជា ។ លោកនាយឧត្ដមសេនីយ៍បានផ្ដាំផ្ញើដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ ធ្វើយ៉ាងណាបន្ដការការពារ និងថែរក្សាសម្បត្ដិបេតិកភណ្ឌដ៏មានតម្លៃនេះឱ្យនៅគង់វង្សតរៀងរហូតទៅ សម្រាប់កូនចៅខ្មែរយើងជំនាន់ក្រោយៗទៀត ៕









0 comments:

Post a Comment